(ភ្នំពេញ)៖ នៅពេលនេះពិភពលោក ហាក់កំពុងតែព្យាយាមធ្មេចភ្នែក ទទួលយកការពិតដែលចក្រភពអង់គ្លេស សម្រេចចិត្តចាកចេញទាំងមិនដាច់អាល័យ ពីសហភាពអឺរ៉ុប ដែលកំពុងធ្វើឲ្យប្រទេសជាច្រើន​ ពោរពេញដោយការភ័យខ្លាច និងបែកបាក់ជុំវិញបញ្ហានេះ, ហើយអ្វីដែលសំខាន់នោះទៀត សមាជិកស្ថាបនិករបស់សហភាពអឺរ៉ុប ដែលមានអាល្លឺម៉ង់ បារាំង និង អ៉ីតាលី ជាដើម បានប្រជុំគ្នានៅទីក្រុងប៊ែរឡាំងពីម្សិលមិញ បានទាមទារឲ្យចក្រភពអង់គ្លេស ត្រូវតែដកខ្លួនចេញពីសហភាពនេះជាបន្ទាន់ ដោយគ្មានការពន្យារពេលនោះឡើយ។

ចំណែកនៅប្រទេសកម្ពុជាវិញ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ដែលជនជាតិអង់គ្លេស ហើយមានទំនោរគាំទ្របក្សប្រឆាំងនៅកម្ពុជា អាចនឹងត្រូវដកចេញដោយសារ បន្ទាប់ពីចក្រភពអង់គ្លេស បោះឆ្នោត​ចាកចេញពីសហភាពអឺរ៉ុប (Brexit)។   

មន្រ្តីអ្នកច្បាប់នៅកម្ពុជា បាននិយាយថា វាជាស្វ័យប្រវត្តិហើយ នៅពេលដែលចក្រភពអង់គ្លេសបានចាកចេញពីសមាជិក របស់សហភាពអឺរ៉ុប ឯកអគ្គរដ្ឋទូតសហគមអឺរ៉ុបប្រចាំនៅកម្ពុជា ដែលមានដើមកំណើតជនជាតិអង់គ្លេស នឹងត្រូវផ្លាស់ប្តូរចេញដោយនឹងដាក់មន្រ្តីឯកអគ្គរដ្ឋទូតណាមួយ ផ្សេងទៀត ដែលមិនមែនជាជនជាតិអង់គ្លេស ព្រមអង់គ្លេសលែងជាសមាជិករបស់សហភាពអឺរ៉ុបហើយ។

ចំណែកមន្រ្តីរដ្ឋាភិបាលមួយរូបសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា បើមានការដកចេញ ឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុបប្រចាំនៅកម្ពុជា ដែលជនជាតិ អង់គ្លេសនោះ វាជារឿងល្អ ព្រោះឯកអគ្គរដ្ឋទូតរូបនោះមានជំហរគាំទ្រទៅលើបក្សប្រឆាំងខ្លាំង តែងតែការពារមេដឹកនាំបក្សប្រឆាំង។ មន្រ្តីរូបនោះបានបន្តថា បើមានការផ្លាស់ប្តូរហើយ សុំដាក់មន្រ្តីដែលមានជំហរក្នុងភាពអព្យាក្រិត្យ សម្រាប់ភាពល្អប្រសើរនៅកម្ពុជា។

មេដឹកនាំស្ថាប័នកំពូលៗក្នុងសហភាពអឺរ៉ុប ដូចជាប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Donald Tusk និងប្រធានធនាគារកណ្តាលអឺរ៉ុបលោក Mario Draghi បានសន្យាថា នឹងជួយក្នុងដំណើរការដកឈ្មោះ និងតួនាទីទាំងអស់ពីសហភាពអឺរ៉ុប នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News នាល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០១៦៕

Advertising