(ភ្នំពេញ)៖ គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំបញ្ជាផ្ទាល់ពីលោក គួច ចំរើន អភិបាលខណ្ឌ នៅព្រឹកទៀបភ្លឺថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៦ បានបន្តយុទ្ធនាការ ចុះប្រមូលជនអនាថា និងក្រុមជក់ថ្នាំញៀន នៅតាមទីសាធារណ: ចំនួន២៦នាក់បន្ថែមទៀត ដើម្បីបញ្ជូនទៅមន្ទីរសង្គមកិច្ច។

មន្រ្តីសាលាខណ្ឌដូនពេញ បានឲ្យដឹងថា «នៅម៉ោង៣ព្រឹកទៀបភ្លឺនេះ គណ:បញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះប្រមូលជនអនាថា តាមមាត់ទន្លេ និងជនជក់ចាក់ថ្នាំញៀន នៅប្លុកតាន់ប៉ា សរុបបានចំនួន ២៦នាក់ បញ្ជូនទៅឲ្យមន្ទីរសង្គមកិច្ច ពីព្រោះសកម្មភាពរបស់ពួកគេ បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងខ្លាំង ចំពោះសណ្តាប់ធ្នាប់សាធារណ: សន្តិសុខតាមមូលដ្ឋាន និងជាពិសេសនោះ គឺសតិអារម្មណ៍របស់ភ្ញៀវទេសចរបរទេសតែម្តង»។

សម្រាប់យុទ្ធនាការមួយនេះ លោក គួច ចំរើន បានដាក់ផែនការដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ចរបស់ខ្លួន ត្រូវធ្វើជាប្រចាំ មិនបន្តឲ្យមានកើតឡើងទៀតឡើយ៕

Advertising