(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ បានសម្រេចដាក់ផែនការបន្ថែម លើវិស័យទេសចរណ៍ថា ក្រសួងទេសចរណ៍ បានសហការជាមួយក្រសួងពាក់ព័ន្ធដទៃ សម្រេចរៀបចំដាក់ចេញនូវ «សៀវភៅសស្ដីពី China Ready សម្រាប់ទេសចរណ៍កម្ពុជា» សំដៅជំរុញការបណ្ដុះបណ្ដាលជំនាញផ្នែកទេសចរណ៍ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរចិន ប្រមាណជា២លាននាក់ នៅឆ្នាំ២០២០ខាងមុខ។

ក្នុងពិធីបើកសិក្ខាសាលាថ្នាក់ជាតិស្ដីពី «ទីផ្សារទេសចរចិន និងការត្រៀមលក្ខណៈសម្បត្តិ ទទួលភ្ញៀវទេសចរចិន សម្រាប់ទេសចរកម្ពុជា» នាសណ្ឋាគារ​ Naga World លោករដ្ឋមន្រ្តី បានលើកឡើងថា «អនាគតនៃទេសចរណ៍កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការស្រូប យកកំណើនយ៉ាងគំហុក នៃលំហូរភ្ញៀវទេសចរចិន ដែលចេញក្រៅប្រទេសបានទេ ក្នុងបរិបទនៃកំណើនទេសចរណ៍នេះ និងផ្អែកតាមគោលដៅជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយស្ថាប័នពាក់ព័ន្ធ បានជំរុញឱ្យមានការរៀបចំដាក់ចេញនូវ សៀវភៅសស្ដីពី China Ready សម្រាប់បណ្ដុះបណ្ដាលអ្នកទេសចរកម្ពុជា ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរអាស៊ាន (ATSP) ឆ្នាំ២០១៦-២០២៥ ក៏ដូចជាផែនការយុទ្ធសាស្រ្តទីផ្សារទេសចរណ៍របស់អាស៊ាន (ATMS) សំដៅត្រៀមទទួលភ្ញៀវទេសចរចិន ប្រមាណ២លាននាក់ នៅឆ្នាំ២០២០ ដែលត្រូវនឹងចំនួន ១ភាគរយ នៃចំនួនភ្ញៀវទេសចរចិន ចេញក្រៅប្រទេស ប្រមាណ២០០លាននាក់»

សូមជម្រាបថា កាលពីឆ្នាំ២០១៥ ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនានៅកម្ពុជា មានចំនួន៤.៨លាននាក់ ក្នុងនោះក៏មានភ្ញៀវទេសចរចិន ចំនួន៧០ម៉ឺននាក់ផងដែរ កើនឡើង២៤ភាគរយ ឈរលើលំដាប់ទី២ បន្ទាប់ពីភ្ញៀវជនជាតិវៀតណាម ដែលចំនួននេះ មិនរាប់ទាំងភ្ញៀវហុងកុង ម៉ាកាវ និងតៃវ៉ាន់ នោះទេ។ ម្យ៉ាងទៀត សម្រាប់រយៈពេល៤ខែ ដើមឆ្នាំ២០១៦នេះ ភ្ញៀវទេសចរចិននៅកម្ពុជាមានចំនួន ប្រមាណ២៧៥,០០០នាក់ កើនឡើង១៣.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥៕