(ចិន)៖ អាជ្ញាធរចិន បានចេញសេចក្ដីជូនដំណឹង និងព្រមានដល់ពលរដ្ឋរបស់ខ្លួនដែលរស់នៅតំបន់​ភាគ​ខាងត្បូង និងភាគខាងជើងនៃប្រទេស ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីរលកកម្ដៅបានកើនឡើងជាថ្មី​​នៅ​ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ នៅព្រឹកថ្ងៃ​ទី ២៥ ខែមិថុនា។

យោងតាមសេចក្ដីប្រកាសបានឲ្យដឹងថា ចាប់តាំងពីថ្ងៃរះ រហូតដល់ថ្ងៃលិច គឺតំបន់​ភាគ​ខាងត្បូង និងភាគខាង​ជើងនៃប្រទេស មានកម្ដៅចន្លោះ ៣៥ ទៅ៣៩អង្សាសេ ឬអាចកើនឡើងលើសពីនេះ។ ការជួនដំណឹងនេះ នៅ​មិនទាន់ឈានដល់កំណាក់កាលប្រកាសអាសន្ននោះទេ ព្រោះវាស្ថិតនៅក្នុងកម្រិត Yellow alert បើសិន​ជា​ស្ថិតនៅក្នុងកម្រិត Red alert ទើបប្រកាសអាសន្ន។

យោងតាមមជ្ឈមណ្ឌលជាតិឧតុនិយមចិន បានឲ្យដឹងថា ផ្នែកមួយចំនួននៃខេត្ត Guangdong, Jiangxi និង Fujian នៅព្រឹកថ្ងៃសៅរ៍នេះ កម្ដៅឡើងដល់ ៣៩អង្សាសេ ចំណែកឯនៅតាមបណ្ដាខេត្ត និងក្រុង​មួយចំនួន​ផ្សេងទៀតដូចជា Anhui, Zhejiang, Tibet, Qinghai, Hainan និង Guizhou បែរជារងព្យុះភ្លៀងយ៉ាង​ខ្លាំងនៅព្រឹកថ្ងៃនេះ៕

Advertising