(ភ្នំពេញ)៖ ក្រុមជក់គ្រឿងញៀនយ៉ាងអនាធិបតេយ្យចំនួន១០នាក់​ នៅប្លុកតាន់ប៉ា​ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ដែលបង្កឲ្យប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះមានការភ័យខ្លាចនោះ ត្រូវបានកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌ ចុះទៅបង្ក្រាប និងចាប់ខ្លួននៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ។

ប្រតិបត្តិការចាប់ខ្លួនក្រុមជក់គ្រឿងញៀនទាំងនេះ ក្រោយពីប្រជាពលរដ្ឋ ​បានរាយការណ៍ជូនសមត្ថកិច្ច​ លុះនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥​ ខែមិថុនា​ ឆ្នាំ២០១៦នេះ ទើបលោកអធិការ ដឹកនាំចុះបង្រ្កាបក្រុមក្មេងស្ទាវទាំងអស់នោះជាក់ស្ដែងតែម្តង​ ។

មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា​ ក្រោយពីប្រជាជនដែលរស់នៅប្លុកតាន់ប៉ា​ ភូមិ៦-៧-៨ក្នុងផ្សារសូរិយាម៉ល​ និងភូមិ១០ សង្កាត់ផ្សារថ្មីទី៣​ បានរាយការណ៍ប្រាប់ដល់កម្លាំងមូលដ្ឋានថា មានក្រុមក្មេងស្ទាវប្រុសស្រីជាច្រើននាក់តែងតែនាំគ្នាមក​ ពពាក់ពពូននិងជក់គ្រឿងញៀនជារៀងរាល់ថ្ងៃ​ លុះដល់ថ្ងៃខាងលើនេះ លោកអធិការ បានដឹកនាំកម្លាំងផ្ទាល់ចុះបង្រ្កាបទីតាំងខាងលើនេះជាក់ស្តែង​ ជាលទ្ធផលឃាត់ខ្លួនជាសង្ស័យប្រុសស្រីបាន១០នាក់​ ក្នុងនោះស្រី៥នាក់រួមទាំងឧបករណ៍សម្រាប់ជក់មួយចំនួនផងដែរ​ ។

ក្រោយប្រតិបត្តិការណ៍ខាងលើនេះជនសង្ស័យ១១នាក់​ ត្រូវបានកម្លាំងនគរបាល បញ្ចូនទៅសាលាខណ្ឌ​ដូនពេញ ដើម្បីចាត់ការបន្តទៀត៕