(ត្បូងឃ្មុំ)៖ លោក កែវ ពិសិដ្ឋ អ្នកតំណាងរាស្រ្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ ចុះជួយឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា ប្រសិទ្ធភាពការងារ និងសីលធម៌របស់មន្រ្តីមូលដ្ឋាន គឺជាកត្តាសំខាន់ក្នុងការទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋ។

ការគូសបញ្ជាក់បែបនេះ របស់លោក កែវ ពិសិដ្ឋ បានធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយសមាជិកគណបក្ស និងសមាជិកសាខា អនុសាខាគណបក្សឃុំពពេល ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យលទ្ធផលការងារដែលបានអនុវត្ត និងផែនការដែលត្រូវអនុវត្តឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្តនីតិកាលទី៧ នាពេលខាងមុខ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

នាឱកាសនោះដែរ លោក កែវ ពិសិដ្ឋ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ពិសេសការផ្តាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជូនសមាជិកសមាជិកា និងក្រុមការងារទាំងអស់។

លោកបានថ្លែងថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់តែងតែយកចិត្តទុកដាក់ និងនឹករលឹកដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋគ្រប់ពេលវេលា។

លោក កែវ ពិសិដ្ឋ បានថ្លែងអំណរគុណ និងកោតសរសើរដល់សមាជិក សមាជិកា ទាំងអស់ដែលបានបំពេញការងារប្រកបដោយជោគជ័យទាំងការងាររដ្ឋបាល និងការងារគណបក្ស ក្នុងការបម្រើប្រជាពលរដ្ឋលើសេវាសាធារណៈ និងសេវាសំណូមពរ។ លោកបានលើកទឹកចិត្តដល់សមាជិកទាំងអស់ ត្រូវខិតខំបម្រើសេវាសាធារណជូនពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងរហ័ស នៅក្នុងនោះមានសេវាសុខាភិបាល សន្តិសុខជាដើម។

ជាមួយគ្នានេះដែរ អ្នកតំណាងរាស្រ្តត្បូងឃ្មុំ បានលើកឡើងថា មន្រ្តី និងក្រុមការងារនៅមូលដ្ឋាន ជាតួអង្គសំខាន់នៅក្នុងការបម្រើពលរដ្ឋ ពីព្រោះជាតួអង្គដែលនៅជិតពលរដ្ឋបំផុត។ ដូច្នេះ មន្រ្តីទាំងអស់ត្រូវមានសីលធម៌ និងអត្តចរិកល្អ ជាគំរូជាប់ជានិច្ច។

លោក កែវ ពិសិដ្ឋ បានលើកទឹកចិត្តដល់សមាជិកគណបក្សទាំងអស់ រក្សាសាមគ្គីឯកភាពផ្ទៃក្នុង ពង្រឹង និងបន្តចូលរួមតាម តួនាទីភារកិច្ចរៀបចំផែនការសកម្មភាពការងារ ការពង្រឹង និងពង្រីកសមាជិកបក្សថ្មី រក្សាចាស់។ សមាជិកបក្សម្នាក់ ជាសន្លឹកឆ្នោត ១សន្លឹកជូនគណបក្សឱ្យទទួលបានជោគជ័យនៅក្នុងការបោះឆ្នោតគ្រប់អាណត្តិទាំងអស់ ដើម្បីជូនសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្រ្តីដឹកនាំប្រទេសជាតិ រក្សាសុខសន្តិភាព និងការអភិវឌ្ឍថ្មីៗបន្ថែមទៀត និងគាំទ្រលោកបណ្ឌិតហ៊ុន ម៉ាណែត ជាអ្នកបន្តវេនដឹកនាំប្រទេសជាតិនា ពេលអនាគត។

ទន្ទឹមនឹងនេះដែរ លោក កែវ ពិសិដ្ឋ បានគូសបញ្ជាក់ថា ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីថែរក្សានូវសុខសន្តិភាពនិងទទួលបានការអភិវឌ្ឍបន្តទៀត។ លោកក៏បានអំពាវនាវដល់ក្រុមការងារទាំងអស់ បន្តចុះអប់រំណែនាំពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាព ពិសេសការការពារជំងឺកូវីដ១៩។ ជំងឺកូវីដ១៩ នៅតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ និងសូមឱ្យក្រុមការងារជំរុញពលរដ្ឋទៅចាក់វ៉ាក់សាំងការងាជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនោះ លោក កែវ ពិសិដ្ឋ បានពាំនាំនូវអំណោយទូរទស្សន៍ ថាសចាប់ប៉ូស្តិ៍ទូរទស្សន៍ DTV ចែកជូនដល់សមាជិក និងយុវជនផងដែរ។ អំណោយចែកជូននាឱកាសនោះមាន សមាជិកចូលរួមម្នាក់ៗទទួលបានថវិកា ម្នាក់ៗ ១,៥០០០រៀល ហើយថាស DTV ចំនួន៦គ្រឿង សម្រាប់ប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព ទីស្នាក់ការគណបក្ស និងសាលារៀន។ ព្រមទាំងសម្ភារកីឡាបាលទាត់ បាលទះ សម្រាប់យុវជននៅក្នុងឃុំ ផងដែរ។

បន្ទាប់ពីពិធីសំណេះសំណាលចប់ លោក កែវ ពិសិដ្ឋ បានអញ្ជើញចុះពិនិត្យមើលការសាងសង់ព្រះវិហារថ្មី ក្នុងវត្តបទុមព្រឹក្សហៅវត្តពពេល ដែលបច្ចុប្បន្នកំពុងដំណើរការសាងសង់បានប្រមាណ ៧០ភាគរយហើយ។

ក្នុងកម្មវិធីនេះ លោកបានចំណាយថវិកាឧបត្ថមភសរុបចំនួន ១៣,៧៥០,០០០ រៀល និង៣,០៤០ ដុល្លាអាមេរិក៕