(ភ្នំពេញ)៖ លោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានប្រគល់សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» ចំនួន៥០០ច្បាប់ ជូនលោក ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងឱកាសនោះ លោក ហេង សួរ បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន, លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។

លោកបានបន្តថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អ ចំពេលមានតម្រូវការ។

លោក ហេង សួរ បានឱ្យងថា សៀវភៅដ៏មានតម្លៃនេះនឹងចែកជូនដល់មន្ត្រីក្នុងក្រសួងខ្លះ និងខ្លះទៀតនឹងយកទៅចែកជូនក្រុមការងារ និងបងប្អូនខ្មែរនៅក្រៅប្រទេស ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឱ្យកាន់តែច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។

ព្រមជាមួយគ្នានេះ លោក ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ។

លោកបានបន្តថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» បង្ហាញពីវីរភាព និងគុណបំណាច់របស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក។ លោកបានបញ្ជាក់ថា សៀវភៅ «កូនប្រុសច្បងដ៏មានឥទ្ធិពល» នឹងផ្តល់ជូនរដ្ឋបាលរាជធានី-ខេត្តទាំង២៥ និងបណ្ណាល័យនៃវិទ្យាល័យទូទាំងប្រទេសផងដែរ៕