(ភ្នំពេញ)៖ តាមរយៈកិច្ចប្រជុំដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១៣ ខែមករា ឆ្នាំ២០២៣នេះ គណៈរដ្ឋមន្ត្រី បានអនុម័តរួចរាល់ហើយលើសេចក្តីព្រាង «គោលនយោបាយជាតិ ស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧»។

ដំណាំស្វាយចន្ទី ដំណាំកសិឧស្សាហកម្ម និងជាដំណាំអាទិភាពមួយក្នុងចំណោមដំណាំអាទិភាពទាំង១២មុខ ដែលរាជរដ្ឋាភិបាលបាននិងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែងតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាពដែលមានតម្លៃខ្ពស់។ បច្ចុប្បន្នផលិតផលស្វាយចន្ទីភាគច្រើនបាននាំចេញជាផលិតផលមិនទាន់បានកែច្នៃដែលនាំឱ្យកម្ពុជាទទួលបានតម្លៃបន្ថែមទាប។

ដើម្បីបន្តជំរុញដល់កំណើនកសិ-ពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែង ផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទី គឺជាការចាំបាច់ ស្របទៅនឹងគោលនយោបាយនិងក្របខ័ណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានាឱ្យបាននូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា សេចក្តីព្រាងគោលនយោបាយជាតិស្តីពីស្វាយចន្ទី ត្រូវបានរៀបចំឡើងតាមរយៈការចុះសិក្សាស្រាវជ្រាវទីតាំងដាំដុះ កែច្នៃ អ្នកនាំចេញ និងសិក្ខាសាលាពិគ្រោះយោបល់ ព្រមទាំងការផ្តល់ធាតុចូលពី
បណ្តាក្រសួងស្ថាបនពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនពាក់ព័ន្ធ លើគ្រប់សកម្មភាពក្នុងខ្សែច្រវាក់តម្លៃ និងបានរំលេចអំពីភារកិច្ច និងការទទួលខុសត្រូវរបស់តួអង្គពាក់ព័ន្ធទាំងអស់ សំដៅធ្វើយ៉ាងណាឱ្យការអនុវត្តចំគោលដៅ និងប្រកបដោយប្រសិទ្ធភាព។

លោក ផៃ ស៊ីផាន បន្តថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម កែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច។

គោលនយោបាយជាតិស្តីពីស្វាយចន្ទី ក៏មានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលសា្វយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុកតំបន់និងពិភពលោក។

លោក ផៃ ស៊ីផាន បានបន្ថែមថា ដើម្បីសម្រេចបានចក្ខុវិស័យ និងគោលបំណងខាងលើ គោលនយោបាយជាតិស្តីពីស្វាយចន្ទី បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ ដូចខាងក្រោម៖
១៖ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង
២៖ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផលនិងការកែច្នៃអនុផល
ស្វាយចន្ទីឱ្យសម្រេចបាន២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច៥០ភាគរយ នៅឆ្នាំ២០៣២
៣៖ ជំរុញការនាំចេញ តាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្ម ការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង គោលដៅ និងយុទ្ធសាស្ត្រនៃគោលនយោបាយនេះផែនការសកម្មភាពត្រូវអនុវត្តរួមមាន៖ (១) ការបង្កើតយន្តការ (២) ការបង្កើតក្របខ័ណ្ឌគតិយុត្ត (៣) ការគាំទ្រហិរញ្ញវត្ថុ (៤)ការអភិវឌ្ឍធនធានមនុស្ស (៥)ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និង(៦) ដំណើរការអនុវត្តគម្រោងដោយបានកំណត់ផែនការសកម្មភាពធំៗចំនួនបីដំណាក់កាលរួមមាន(១)ផលិតកម្មដំណាំស្វាយចន្ទី មានចំនួន ១៦សកម្មភាព( ២)ការកែច្នៃផលិតផលស្វាយចន្ទី មានចំនួន ១២សកម្មភាព និង (៣)ទីផ្សារ និងការនាំចេញស្វាយចន្ទី មានចំនួន ១៦សកម្មភាព សម្រាប់ក្រសួងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្ត។

លោក ផៃ ស៊ីផាន បានគូសរំលេចថា គោលនយោបាយជាតិស្តីពីស្វាយចន្ទី នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់ពង្រឹងផលិតភាពនៃផលិតកម្មដំណាំស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទិន្នផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែម ដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ សំដៅជួយគាំទ្រដល់តួអង្គដែលមានស្រាប់និងទាក់ទាញវិនិយោគបន្ថែម រកទីផ្សារចាស់ និងស្វែងរកទីផ្សារថ្មីប្រកបដោយចីរភាព ដែលនឹងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ព្រមទាំងកាត់បន្ថយភាពក្រីក្រ ចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ៕