(ភ្នំពេញ)៖ ទីបំផុតសាលាដំបូងរាជធានីភ្នំពេញ ចៅក្រម សឿង ចរិយា បានសម្រេចចេញដីការក្សាការពារលើដីមានជម្លោះ បន្ទាប់ពីប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ប្តឹងប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ លោក ប្រាក់ សុគន្ធសំណាង និងបក្ខពួកឈ្មោះ ជួន សុវណ្ណ និងប្រពន្ធឈ្មោះ ធី សុគន្ធា ដោយចោទថា ឃុបឃិតគ្នាលួចធ្វើប្លង់លក់ដីរបស់គាត់។

យោងតាមដីកាសម្រេចរក្សាការពារមានខ្លឹមសារសម្រេច៖ ចាត់ចែងជាបណ្តោះអាសន្នដោយហាមឃាត់ សហកូនបំណុលឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ដោយទប់ស្កាត់ មិនឲ្យលក់ ដូរ ជួលបញ្ចាំ ផ្ទេរសិទ្ធិ ហ៉ីប៉ូតែក ដាក់ធានា ធ្វើអំណោយ ធ្វើមត៌ក សាងសង់សំណង់ផ្សេងៗនៅលើដីចំនួន០១ (មួយ) កន្លែង ទំហំ១៦៤៤ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងមានបង្កាន់ដៃទទួលពាក្យលេខ១៨៥៤៣ ភព ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៩០ ទុកជាបណ្តោះអាសន្នសិនរង់ចាំរឿងអង្គសេចក្តីចប់ជាស្ថាព័រ។

នៅក្នុងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋ២នាក់ប្តីប្រពន្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន រៀបរាប់ថា៖ លោក យ៉ាត សាន អាយុ៦៥ឆ្នាំ និងប្រពន្ធឈ្មោះ តុប ចាន់ថុល អាយុ៦៤ឆ្នាំ រស់នៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹកស ខណ្ឌដង្កោ រាជធានីភ្នំពេញ បានសម្រេចដាក់ពាក្យប្តឹង លោក ប្រាក់ សុគន្ធសំណាង ប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ និងមនុស្សពីរនាក់ប្តីប្រពន្ធទៀត ដោយចោទប្រកាន់ថា បានឃុបឃិតគ្នាធ្វើប្លង់កម្មសិទ្ធិលក់ដីរបស់គាត់ ដោយទាមទារសំណងចំនួន ១ ៦០០ ០០០ដុល្លារ។

គ្រួសារខាងលើបានរៀបរាប់ថា ក្រោយមកក្នុងអំឡុងឆ្នាំ ២០១២-២០១៣ តំបន់នេះត្រូវបានក្រុមមន្ត្រីសុរិយោដីធ្វើប័ណ្ណជូនប្រជាពលរដ្ឋ ប៉ុន្តែដីនេះត្រូវបានមន្ត្រីសុរិយោដីចុះបញ្ជីជូនគ្រួសារគាត់តែចំនួន ២៤៩៥ ម៉ែត្រការ៉េប៉ុណ្ណោះ ចំណែកដីទំហំ ១៦៤៤ ម៉ែត្រការ៉េទៀត មិនទាន់បានចុះបញ្ជី ប៉ុន្តែពួកគាត់នៅតែបន្តកាន់កាប់ធ្វើស្រែរហូតមកសព្វថ្ងៃ។ លុះដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ពួកគាត់បានលក់ដីទំហំ ២៤៩៥ ម៉ែត្រការ៉េដែលមានទីតាំង ស្ថិតនៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២០៥១៥០៤-០០០២ ឲ្យទៅឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា។ បន្ទាប់មកឈ្មោះ ម៉ិច សុខមេត្រី និងប្រពន្ធឈ្មោះ ឆាយ សុភា បានលក់ដីដែលមានទំហំ និងទីតាំងដូចខាងលើទៅឲ្យឈ្មោះ រ៉ង រ៉ា នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦។

ក្រោយមកឈ្មោះ រ៉ង រាំ បានលក់ដីនោះបន្តទៅឲ្យឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦។ ឈ្មោះ ភឿង សុវណ្ណ និងប្រពន្ធឈ្មោះ កុក ថៃ បានលក់ដី ដែលមានទំហំ និងទីតាំងដដែលនោះឲ្យទៅឈ្មោះ «ជួន សុវណ្ណ អាយុ៣៦ឆ្នាំ» និងប្រពន្ធឈ្មោះ ធី សុគន្ធា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៨ ។ ផ្ទុយមកវិញនៅពេលដែលឈ្មោះ ជួន សុវណ្ណ និងប្រពន្ធ បានក្លាយជាម្ចាស់សិទ្ធិករ នៃដីដែលមានទំហំ ២៤៩៥ ម៉ែត្រការ៉េនោះ ឈ្មោះ ជួន សុវណ្ណ និងប្រពន្ធបានឃុបឃិតជាមួយប្រធានការិយាល័យភូមិបាលខណ្ឌដង្កោ រាជធានីភ្នំពេញ ឈ្មោះ ប្រាក់ សុគន្ធសំណាង ដើម្បីធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុថ្មី ដោយរំលោភបំពានលើដី ដែលពួកគាត់កំពុងកាន់កាប់ជាក់ស្តែង ហើយមិនទាន់បានធ្វើវិញ្ញាបនប័ត្រ សម្គាល់អចលនវត្ថុនៅឡើយទេ។ បន្ទាប់មកឈ្មោះខាងលើនេះ មិនត្រឹមតែលួចធ្វើវិញ្ញាបនបត្រសម្គាល់ អចលនវត្ថុបំពានយកដីរបស់ពួកគាត់ប៉ុណ្ណោះទេ អ្នកទាំងពីរថែមទាំងបានលក់ដីដែលមានប័ណ្ណកម្មសិទ្ធិ ដែលបានមកពីការឃុបឃិតជាមួយឈ្មោះ ប្រាក់ សុគន្ធសំណាង ជាប្រធានការិយាល័យ ភូមិបាលនោះ លក់ទៅឲ្យឈ្មោះ ខូវ ម៉ាត់ធៀវ និងប្រពន្ធឈ្មោះ លឹម សុខណៃ ថែមទៀតផង៕