(ភ្នំពេញ)៖ អនុវត្តតាមប្រតិទិននៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ថ្ងៃនេះ គ.ជ.ប បានបិទផ្សាយបញ្ជីបោះឆ្នោតដំបូង ដែលមានឈ្មោះអ្នកបោះឆ្នោតសរុប ចំនួន ៩,៧១០,៦៤៥នាក់ ក្នុងនោះស្ត្រីមានចំនួន ៥,១៦១,៩០៦ នាក់ ការិយាល័យបោះឆ្នោត មានចំនួន ២៣,៧៨៩នាក់ និងឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ដោយមូលហេតុផ្លាស់ចេញ ស្លាប់ ស្ទួន និងការដកសិទ្ធិបោះឆ្នោត មានចំនួន ២៧១,១៤២នាក់។

ការបិទផ្សាយបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត មានគោលបំណងឱ្យប្រជាពលរដ្ឋអញ្ជើញទៅពិនិត្យផ្ទៀងផ្ទាត់ឈ្មោះ និងទិន្នន័យផ្សេងៗរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត ព្រមទាំងអាចសុំកែតម្រូវតាមរយៈការប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់។

យោងតាមបទបញ្ជា និងនីតិវិធីសម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរ តាមពាក្យបណ្ដឹង (ទម្រង់បែបបទលេខ ១២០២) ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត ទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេល ១០ ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃបិទផ្សាយ (ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ ជាថ្ងៃចុងក្រោយ)។

*ការប្តឹងតវ៉ា អាចធ្វើឡើងអំពីការបាត់ឈ្មោះរបស់អ្នកបោះឆ្នោត ឬមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ប៉ុន្តែកត់ត្រាមិនច្បាស់លាស់នូវទិន្នន័យពាក់ព័ន្ធ ឬព័ត៌មានដែលគាត់បានផ្តល់ឱ្យ ឬមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់។

*ការប្តឹងជំទាស់ អាចធ្វើឡើងចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូង ប៉ុន្តែជននោះមិនមានលក្ខខណ្ឌគ្រប់គ្រាន់ដើម្បីមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬចំពោះជនណាម្នាក់ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតច្រើនជាងមួយកន្លែង។

សូមជម្រាបជូនថា បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកបោះឆ្នោតដែលនឹងត្រូវលុបចេញពីបញ្ជីបោះឆ្នោត គ.ជ.ប បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅទីតាំងមួយចំនួនក្នុងឃុំ សង្កាត់ទូទាំងប្រទេស។

ទន្ទឹមនេះ ប្រជាពលរដ្ឋទាំងអស់ក៏អាចស្វែងរកឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោតដំបូង តាមគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន voterlist.nec. gov. kh ឬចូលរកតាមកម្មវិធីទូរស័ព្ទ (App) NEC KH៕