(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Barak Obama នៅថ្ងៃសុក្រនេះ បានលើកឡើងថា សហរដ្ឋអាមេរិក គោរពចំពោះការសម្រេចចិត្ត បោះឆ្នោតចាកចេញពីភាពជាសមាជិក នៃសហភាពអឺរ៉ុប ហើយនឹងគោរពចំពោះភាពជាទំនាក់ទំនងពិសេស រវាងសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គឺតែឋិតថេរ។ នេះបើតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ បានឲ្យដឹងយ៉ាងដូច្នេះ។

ខាងក្រោមនេះ ជាមូលហេតុចម្បងៗចំនួន ៤ប្រការ ដែលនាំឲ្យប្រជាជននៃចក្រភពអង់គ្លេស ជិត៥២ភាគរយ​ សម្រេចចិត្តចាកចេញ ពីសមាជិកភាពនៃសហភាពអឺរ៉ុប ដែលខ្លួនធ្លាប់​ចូលរួមបង្កើត និងរួមរស់ជាមួយគ្នា ចាប់តាំងពីថ្ងៃទី០១ ខែមករា ឆ្នាំ១៩៥៨មក៖

១៖ ការគ្រប់គ្រងរដ្ឋបាលសេដ្ឋកិច្ច៖
ជាការធានានូវការទទួលស្គាល់ជាក់លាក់ថា ប្រាក់អឺរ៉ូនេះ គឺមិនមែនជារូបិយប័ណ្ណតែមួយគត់នៃសហភាពអឺរ៉ុប ដើម្បីធានាថាបណ្តាប្រទេសនៅក្រៅតំបន់អឺរ៉ុប គឺនឹងមិនជួបគុណវិបត្តិ​លើទ្រព្យសម្បត្តិ​នោះឡើយ។ ចក្រភពអង់គ្លេសចង់ការពារខ្លួន ចំពោះជំហានទៅមុខដែលខ្លួនចង់ធ្វើ គឺការធ្វើឲ្យផ្នែកហិរញ្ញវត្ថុ របស់សហភាពនេះបន្ថែម មិនអាចត្រូវផ្តល់ឲ្យប្រទេសមិនចាយប្រាក់ អឺរ៉ូ ហើយអង់គ្លេស​ក៏មិនចាំបាច់ រួមចំណែកដល់ថវិកាសង្គ្រោះពេល អឺរ៉ូ ជួបវិបត្តិនោះឡើយ។

២៖ ភាពប្រកួតប្រជែង៖
ការកំណត់គោលដៅតែមួយ គឺការបន្ថយ និងសម្រាល «បន្ទុក» ដែលមានចែងក្នុងបទ បញ្ញត្តិអឺរ៉ុបដ៏​ច្រើនហួសប្រមាណ ហើយអង់គ្លេសត្រូវ​ងាកមកពង្រីកទីផ្សារឯក​រាជ្យរបស់ខ្លួនវិញ។

៣៖ អន្តោប្រវេសន៍៖
ការរឹតបន្តឹងដំណើរចេញ និងចូលបម្រើការងារនៅចក្រភពអង់គ្លេស ដែលកន្លងមកតែងតែបាន​ផ្តល់ផលប្រយោជន៍​ដល់ជនចំណាក​ស្រុកក្នុងសហភាពអឺរ៉ុប។ អង់គ្លេសចង់បញ្ឈប់សកម្មភាព អ្នកទាំង​ឡាយ​ណា​ដែលចូលមកធ្វើការ និងរស់នៅចក្រភពអង់គ្លេស ដោយមានគំរោងចង់​ស្រូបយកផលប្រយោជន៍ ក្រោយពីពួកគេបំពេញ ការងារទីនេះបាន ៤ឆ្នាំ ដូចដែលមានចែកក្នុង​បទបញ្ញត្តិរបស់សហភាព។

៤៖ អធិបតេយ្យភាព៖
ជាការរំដោះខ្លួនរបស់អង់គ្លេស ចេញពីមហិច្ឆិតាដ៏ធំធេងរបស់សហភាពអឺរ៉ុប ដែលគ្រោងធ្វើឲ្យសហភាពនេះកាន់តែជិតស្និតគ្នា រវាងប្រជាជន នឹងប្រជាជន រដ្ឋាភិបាលនឹងរដ្ឋាភិបាល ហើយដែល​សកម្ម​ភាពនេះ វានឹងដឹកនាំទៅរកការលូកលាន់ផ្នែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសនីមួយៗកាន់តែខ្លាំង។ វានឹងផ្តល់ឲ្យអង់គ្លេសនូវអំណាចពេញលេញក្នុងការ សម្រេចចិត្តជោគវាសនាខ្លួនឯង ដោយគ្មានការរំខាន ឬគំនាបពីអឺរ៉ុប។

គួរបញ្ជាក់ថា ក៏មានបញ្ហាជាច្រើនទៀតផងដែរ ដែលជាគ្រឿងផ្សំនាំឲ្យមានការបោះឆ្នោត ចាកចេញពីអឺរ៉ុបធ្វើឡើងនោះគឺ បញ្ហាជនភៀសខ្លួនមកពីតំបន់មជ្ឈិមបូព៌ា, បញ្ហាសេដ្ឋកិច្ចនៃ​សមាជិកអឺរ៉ុបដូច​ជាអ៊ីតាលី និងក្រិក ដែល​សមាជិកទាំងអស់បានចូលរួមជួយដោះស្រាយ ដោយបញ្ចេញហិរញ្ញវត្ថុសង្គ្រោះផ្ទាល់ខ្លួន និង បញ្ហាភេរវកម្ម ដែលនាំឲ្យសហភាពទាំងមូលរងការគំរាមកំហែងមិនឈប់៕

Advertising