(ភ្នំពេញ)៖ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធករណីរក្សាទុក ដឹកជញ្ជូន ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយរឹបអូសបានថ្នាំញៀន ប្រភេទមេតំហ្វេតាមីនចំនួន ១៩ ១៥០ក្រាម (ជិត២០គីឡូក្រាម) ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តបន្ទាយមានជ័យ។

ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ក្នុង២គោលដៅផ្សេងគ្នា ដោយគោលដៅទី១៖ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យ២នាក់ ឈ្មោះ ស្រី គឹមលួ និងឈ្មោះ ឃឹម សុភក្រ ភេទប្រុស ជាជនជាតិខ្មែរ នៅក្នុងភូមិសាស្ត្រស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងគោលដៅទី២៖ កម្លាំងជំនាញបន្តឃាត់ខ្លួន ជនសង្ស័យ៣នាក់ ឈ្មោះ ផាន​ កំណត់, ឈ្មោះ បន បៀង និងឈ្មោះ ជា រ៉ុង ភេទប្រុស ជនជាតិខ្មែរ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ក្នុងប្រតិបត្តិការនោះ កម្លាំងជំនាញបានរឹបយកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន ១៩ ១៥០ក្រាម ទូរស័ព្ទ ៤គ្រឿង ម៉ូតូ១គ្រឿង និងរថយន្ត១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿង បញ្ជូនជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តតាមនីតិវិធី។

សូមជម្រាបថា រយៈពេលប៉ុន្មានខែចុងក្រោយនេះ ក្រោមការចង្អុលបង្ហាញ និងអនុវត្តតាមបញ្ជារបស់ នាយឧត្ដមសេនិយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនគ្រឿងញៀនធំៗជាច្រើនករណី។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ក៏បានប្ដេជ្ញាចិត្តខ្ពស់ ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងបង្ក្រាបបទល្មើសនេះឲ្យដល់ឫសគល់៕