(ភ្នំពេញ)៖ អ្នកម្ដាយនៅតែជាមនុស្សដំបូងគេ ដែលតែងតែខ្វល់ខ្វាយពីសុខទុក្ខ រងារក្ដៅរបស់កូន ជាក់ស្ដែងនៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីទទួលដំណឹងថា ស្ត្រីរងគ្រោះដែលពេទ្យឯកជន កាយយកសាកសពទារកក្នុងផ្ទៃ ដោយទាំងពោះវៀនចេញមកក្រៅ ទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ នៅពេលនេះបានត្រលប់មកព្យាបាល បន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញ, សម្ដេចក៏បានចាត់តំណាងចុះសួរសុខទុក្ខភ្លាមៗ និងឧបត្ថម្ភថវិកាចំនួន ១០លានរៀលបន្ថែមទៀត ទុកសម្រាប់ការចំណាយផ្សេងៗ ប្រចាំថ្ងៃរបស់អ្នកថែទាំអ្នកជំងឺ ហើយសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏នៅតែបន្ដរ៉ាប់រងរាល់ការចំណាយ លើការព្យាបាលរបស់ស្ដ្រីរងគ្រោះនេះ រហូតដល់ជាសះស្បើយផងដែរ។

លោកស្រី ម៉ែន នារីសោភ័គ ​អគ្គលេខាធិការរងទី១​ កាកបាទក្រហមកម្ពុជា ក៏បានធ្វើដំណើរមកកាន់មន្ទីរពេទ្យកាល់ម៉ែត ទាំងមេឃភ្លៀង និងរលឹម ដើម្បីមកសួរសុខទុក្ខ និងប្រគល់ថវិកាជូនដល់គ្រួសារស្ដ្រីរងគ្រោះខាងលើនេះភ្លាមៗ ចំនួន១០លានរៀល និងបានពាំនាំនូវប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ និងបន្ដជំរុញលើកទឹកចិត្ដដល់ស្រ្ដីរងគ្រោះ ត្រូវតស៊ូខំរស់បន្ដទៀត ដើម្បីមើលថែកូនស្រីម្នាក់ ដែលកំពុងចាំមើលផ្លូវម្ដាយត្រឡប់មកផ្ទះវិញ។

ដោយផ្តាំផ្ញើឲ្យបន្ដជឿជាក់ លើបច្ចេកទេសគ្រូពេទ្យរបស់ខ្មែរ ដែលមានសមត្ថភាព និងជំនាញ និងឧបករណ៍គ្រប់គ្រាន់ សម្រាប់បន្ដព្យាបាលយ៉ាងយកចិត្ដទុក្ខដាក់។ លើសពីនោះសូមកុំបារម្ភលើការចំណាយក្នុងការព្យាបាល សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែបន្ដយកចិត្ដទុកដាក់ និងរ៉ាប់រងរាល់ការចំណាយលើព្យាបាលទាំងអស់ រហូតទាល់តែជាសះស្បើយ ដូចគ្រាដែលចូលព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតកាលដំបូងដូច្នេះដែរ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ម៉ែន នារីសោភ័គ។

គួររម្លឹកថា ដោយអារម្មណ៍តក់ស្លុត​ និងក្តីអាណិតអាសូរយ៉ាងពន់ពេកចំពោះករណីស្ត្រីរងគ្រោះធ្ងន់ធ្ងរ ក្រោយពេទ្យគ្លីនិកមួយកន្លែង​នៅខេត្ដកំពង់ស្ពឺ បានកាយយកសាកសពទារកក្នុងផ្ទៃដោយទាំងពោះវៀនចេញមកក្រៅ បន្ទាប់ពីទទួលដឹងព័ត៌មាននេះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោកស្រី ម៉ែន​ នារីសោភ័គ​ អគ្គលេខាធិការរងទី​១​ កាកបាទក្រហមកម្ពុជា​ ចុះសួរសុខទុក្ខ ចូលរួមសោកស្តាយ​ និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ​ ផ្លែឈើស្រស់​ ទឹកផ្លែឈើ និងថវិកាចំនួន​ ៥លានរៀល ជូនដល់គ្រួសារស្ត្រីរងគ្រោះខាងលើ ដែលបានចូលមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត នៅថ្ងៃទី២៦ ខែវិច្ឆិកា និងចេញថ្លៃព្យាបាលទាំងស្រុង។

ប៉ុន្ដែបន្ទាប់ពីអ្នកជំងឺព្យាបាលបានធូរស្រាលមួយកម្រិតនៅ មន្ទីរពេទ្យកាល់ម៉ែត ក្នុងរយៈពេល៣សប្ដាហ៍ ត្រូវបានប្ដីស្ដ្រីរងគ្រោះខាងលើ បានអំពាវនាវបន្ដ ដើម្បីឱ្យបញ្ជូនប្រពន្ធខ្លួនទៅតពោះវៀន នៅប្រទេសថៃ។

ខណៈនោះលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក្នុងនាមប្រធានមូលនិធិ ហោ ណាំហុង-បូរី ហោ បានសហការជាមួយ លោកសាស្ត្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងលោកសាស្ត្រាចារ្យ ឡឹម តារា ដើម្បីបញ្ជូនស្ត្រីរងគ្រោះ បន្តទៅព្យាបាលនៅរាជធានីបាងកក ប្រទេសថៃ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ តែការតពោះវៀននេះ តាមបច្ចេកទេសពេទ្យនៅថៃ គឺត្រូវការរយៈពេលតាមដានសុខភាព ២ឆ្នាំសិន ដែលធ្វើឱ្យការបញ្ជូនទៅព្យាបាលនៅថៃរយៈពេលមួយខែ មិនបានតពោះវៀននោះឡើយ ដោយគ្រាន់តែបន្តព្យាបាលដូចអ្វី ដែលមន្ទីរពេទ្យកាល់ម៉ែតបានធ្វើជូនអ្នកជំងឺដូច្នេះដែរ ដោយដាក់បញ្ជូលចំណីអាហារតាមសសៃឈាម ដាក់ថ្នាំសម្លាប់មេរោគ ដើម្បីទប់ស្កាត់កុំឲ្យស្ថានភាពធ្ងន់ធ្ងរ ហើយដោយអាហារបំប៉នប្រចាំថ្ងៃគ្រប់គ្រាន់ បានធ្វើឲ្យអ្នកជំងឺមានកម្លាំងដើរធ្វើចលនាបានតិចៗ ហើយថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានសម្រេចបញ្ជូនស្រ្ដីរូបនេះ មកព្យាបាលបន្ដនៅមន្ទីរពេទ្យកាល់ម៉ែតវិញ។

ដោយគ្រាន់តែទទួលដំណឹងថា ស្ដ្រីរងគ្រោះខាងលើនេះ បានមកដល់មន្ទីរពេទ្យកាល់ម៉ែត ភ្លាមនោះ មាតាមនុស្សធម៌ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ក្រុមការងារឱ្យមកសួរសុខទុក្ខ ដើម្បីដឹងពីការស្ថានភាព និងការវិវឌ្ឍនៃសុខភាពរបស់ស្ដ្រីរងគ្រោះ ពិសេសដើម្បីត្រៀមជាមុនថានឹងអាចជូយសម្រាលទុក្ខលំបាកអ្វីបន្ថែមទៀត របស់គ្រួសារស្ត្រីរងគ្រោះ។

សូមបញ្ជាក់ថា ស្ដ្រីរងគ្រោះដែលពេទ្យឯកជន កាយយកសពទារកក្នុងផ្ទៃដោយទាំងពោះវៀន សៀង​ ស្រីអូន​ អាយុ​ ២២ឆ្នាំ​នេះ មានកូនស្រីម្នាក់ផងដែរ ឈ្មោះ រក្សា អាយុ ៣ឆ្នាំ។ ពេលស្ដ្រីរងគ្រោះនេះ គ្រាន់តែដឹងថាត្រូវត្រឡប់មកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតវិញ មានសេចក្ដីត្រេកអរយ៉ាងខ្លាំង ពិសេសសង្ឃឹមបានជួបមុខកូនស្រីមុនគេ៕