(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ពេញមួយឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយ បង្ក្រាបបានរថយន្ដគ្មានពន្ធចំនួន ៧២៨គ្រឿង ខណៈឆ្នាំ២០២០ បង្ក្រាបរថយន្ដគ្មានពន្ធបានចំនួន ៤៣១គ្រឿង និងឆ្នាំ២០២១ បង្ក្រាបរថយន្ដគ្មានពន្ធបាន ២៥០គ្រឿង។

នេះបើតាមការលើកឡើងរបស់លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឲ្យដឹង ក្នុងសន្និសីទសារព័ត៌មានស្ដីពី «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស»​ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោកបានបន្ដថា «ពេញមួយឆ្នាំ២០២២នេះ ការបង្រ្កាបរថយន្នគ្មានពន្ធមានចំនួន ៧២៨គ្រឿង គិតជាទឹកប្រាក់សរុបប្រមាណជាង ២.៣លានដុល្លារសហរដ្ឋអាមេរិក ទទួលបានពីម្ចាស់ចូលមកដោះស្រាយ ដោយធ្វើការបង់ប្រាក់ពន្ធអាករ និងពិន័យចំនួន ២៩៧គ្រឿង។ ចំណែករថយន្ដនៅសេសសល់ អគ្គនាយកដ្ឋានគយ កំពុងរង់ចាំម្ចាស់រថយន្ដមកដោះស្រាយ លើការបំពេញកតព្វកិច្ចពន្ធអាករ និងការផាកពិន័យ»

លោកបានបន្ដថា ក្នុងឆ្នាំ២០២២ ការបង្ក្រាបរថយន្ដមិនមានពន្ធមានចំនួន ៧២៨គ្រឿង ដោយមានរថយន្ដចង្កូតស្ដាំតែ៤០គ្រឿង ប្រមាណជា៦ភាគរយប៉ុណ្ណោះ ដែលតួលេខនេះបានបង្ហាញថា រថយន្ដចង្កូតស្ដាំបង្ក្រាបបានក្នុងឆ្នាំ២០២២ ធ្លាក់ចុះច្រើនបើធៀបនឹងឆ្នាំ២០២១ ដែលការបង្ក្រាបរថយន្ដចង្កូតស្ដាំ មានរហូតដល់៨២គ្រឿង ក្នុងចំណោមរថយន្ដដែលបង្ក្រាបបានចំនួន ២៥០គ្រឿង តាមការប៉ាន់ស្មាន ការធ្លាក់ចុះនៃការបង្ក្រាបរថយន្ដ មិនមានពន្ធចង្កូតស្ដាំនេះ មកពីការទប់ស្កាត់តាមព្រំដែន។

លោកបានបញ្ជាក់ថា ក្នុងករណីម្ចាស់រថយន្ដមិនចូលខ្លួនមកដោះស្រាយ បំពេញកតព្វកិច្ចបង់ពន្ធ​ និងការផាកពិន័យនោះទេ អគ្គនាយកដ្ឋានគយមាននីតិវិធីដោយផ្ដល់ការរង់ចាំ និងជូនដំណឹងទៅដល់សាលាឃុំសង្កាត់ ដើម្បីអញ្ជើញម្ចាស់រថយន្ដចំនួន៣លើក ហើយប្រសិនបើម្ចាស់រថយន្ដនៅតែមិនចូលខ្លួនមកដោះស្រាយនោះទេ អគ្គនាយកដ្ឋានគយមាននីតិវិធីមួយទៀត គឺម្ចាស់បោះបង់រថយន្ដចោល និងគ្មានការទាមទារ ដែលធ្វើការលក់ដេញថ្លៃ យកចំណូលចូលថវិកាជាតិ៕