(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារជូន លោក អ៉ឹង ឆៃងួន អគ្គនាយកស្ថានីយ៍វិទ្យុ ទូរទស្សន៍ និងរស្មីហង្សមាស និងលោក ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពឧបាសិកា លាត នាង ដែលត្រូវជាម្តាយក្មេក។

តាមរយៈសារលិខិតនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយពីបានទទួលដំណឹង មរណភាពរបស់ឧបាសិកា លាត នាង ដែលត្រូវជាម្តាយក្មេករបស់លោក បានទទួលមរណភាព កាលពីថ្ងៃពុធ ៥រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ នាវេលាម៉ោង ៧:១៥ នាទី ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៩២ឆ្នាំ ដោយជរាពាធ។

ក្នុងពេលដ៏ក្រៀមក្រំនេះដែរ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមសម្តែងនូវការសោកស្តាយចំពោះការបាត់បង់ម្ដាយជាទីគោរពស្រឡាញ់បំផុត ប្រកបទៅដោយព្រហ្មវិហារធម៌ដ៏ជ្រាលជ្រៅចំពោះកូនៗ ចៅៗ និងចៅទួតទាំងអស់។

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា លាត នាង សូមឆាប់បាន ចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕