(ភ្នំពេញ)៖ ជាសារលើកដំបូងជាភាសាខ្មែរផ្ញើទៅកាន់ប្រជាជនកម្ពុជាលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា បានបង្ហាញពីអារម្មណ៍រីករាយដែលបានក្លាយជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា និងបានប្តេជ្ញាខិតខំប្រឹងឱ្យអស់ពីសមត្ថភាពដើម្បីបង្កើនទំនាក់ទំនងល្អរវាងជប៉ុននិងកម្ពុជា បន្ថែមទៀត។

តាមរយៈវីដេអូប្រមាណជាង១នាទីនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី បានថ្លែងដូចនេះថា «ជម្រាបសួរខ្ញុំឈ្មោះ អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi ) ជាឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា ខ្ញុំបានមកដល់ភ្នំពេញកាលពីថ្ងៃសៅរ ខ្ញុំពិតជាមានកិត្តិយសណាស់ដែលបានក្លាយជាឯកអគ្គរាជទូតប្រចាំកម្ពុជា ដែលជាប្រទេសមានប្រវត្តិសាស្ត្រ និងវប្បធម៍ដ៏សំបូរបែប ខ្ញុំនឹងខំប្រឹងឱ្យអស់ពីសមត្ថភាពតាមរយៈការផ្លាសប្តូរជាមួយប្រជាជនកម្ពុជាជាច្រើន ដើម្បីបង្កើនទំនាក់ទំនងល្អដែលកំពុងមានរវាងជប៉ុននិងកម្ពុជា បន្ថែមទៀត សូមអរគុណ»

សូមបញ្ជាក់ថាលោក អ៊ូអិណុ អាត់ស៊ូស៊ី នឹងត្រូវឡើងបំពេញតំណែងជាឯកអគ្គរាជទូតថ្មីប្រចាំកម្ពុជាជំនួសលោក មីកាមិ ម៉ាសាហ៉ីរុ ដែលបានដល់ពេលបញ្ចប់បេសកកម្មការងាររបស់ខ្លួន ក្រោយលោកបានបំពេញការងារជាឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា អស់រយៈពេលប្រមាណ ៣ឆ្នាំ និង៤ខែ។

មិនខុសអីលោក មីកាមិ ម៉ាសាហ៉ីរុ ដែលជាឯកអគ្គរាជទូតមួយរូបដែលបានព្យាយាមប្រើប្រាស់ភាសាខ្មែរ តាមរយៈសារនានានៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូត ក៏ដូចជាសុន្ទរកថា ក្នុងវេទិកាសាធារណៈនានា តាមរយៈការព្យាយាមប្រើប្រាស់ភាសាខ្មែរ ដែលបានធ្វើឱ្យលោកទទួលបានការចាប់អារម្មណ៍ និងគោរពស្រឡាញ់ជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋខ្មែរ, លោក អ៊ូអិណុ អាត់ស៊ូស៊ី ដែលទើបតែមកដល់ប្រទេសកម្ពុជា ក៏បានព្យាយាមនិយាយជាភាសារខ្មែរដើម្បីបង្ហាញពីអារម្មណ៍សប្បាយរីករាយពេលមកដល់ប្រទេសកម្ពុជាផងដែរ៕