(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បាន​ឱ្យដឹងថា គិតមកទល់មកពេលនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលពន្ធពីរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ទាំងចង្កូតឆ្វេង និងចង្កូតស្តាំបានជាង១០៦លានដុល្លារ ពីរថយន្តជិត២ម៉ឺនគ្រឿង​។

ការថ្លែងរបស់លោកបណ្ឌិត គុណ ញឹម ធ្វើឡើងនៅក្នុងកម្មវិធីសន្និសីទសារព័ត៌មាន បង្ហាញលទ្ធផល «បិទបញ្ចប់ការងារប្រមូលពន្ធអាករ លើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស»​ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោកបានឱ្យដឹងថា ក្នុងយុទ្ធនាការប្រមូលពន្ធពីរថយន្តគ្មានពន្ធដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ត្រូវបានបែងចែកជាពីរដំណាក់កាល ដោយមានរថយន្តទាំងចង្កូតស្តាំ និងឆ្វេង ចំនួន ២០០៤៩គ្រឿង បានមកបង់ពន្ធ​ កក់ប្រាក់ និងចុះបញ្ជី តែក្នុងនោះមានតែរថយន្តចំនួន១៨ ៤១៤គ្រឿងទេ ដែលបានបង់ពន្ធតាមនិតិវិធីច្បាប់ ​ដោយទទួលបានប្រាក់ពន្ធអាករចំនួន១០៦លានដុល្លារ និងនៅសល់ជិត២ពាន់គ្រឿង​ទៀតដែលមិនបានមកបង់ពន្ធតាមនិតិវិធី។

​បើតាមលោក គុណ ញឹម ក្នុងយុទ្ធនាការដំណាក់កាលទី១ មានរថយន្តសរុបចំនួន៩៧៥៣គ្រឿង បានមកបំពេញកាតព្វកិច្ចពន្ធ និងកក់ប្រាក់ ដោយទទួលបានចំណូលប្រមាណជាង៧៦លានដុល្លារ។ ក្នុងនោះរថយន្តចង្កូតឆ្វេង ចំនួន២៧១៣គ្រឿង និងរថយន្តចង្កូតស្តាំដែលមកកក់ប្រាក់មានចំនួន ៧០៤០គ្រឿង ​ ​(តែរថយន្តដែលកក់ប្រាក់ ​ហើយបង្វែរប្រាក់កក់ទៅជាប្រាក់ពន្ធ មានចំនួន៧០២៧ និងនៅសល់ចំនួន១៣គ្រឿងទៀត មិនបានមកបញ្ចប់និតិបង្វែរប្រាក់កក់ទៅជាប្រាក់បង់ពន្ធ) ។

ចំណែកក្នុងយុទ្ធការដំណាក់កាលទី២ ដែលចាប់ផ្តើមពីថ្ងៃ ៧ ដល់ថ្ងៃទី៣១ខែកក្កដា ​និងបានពន្យារហូតដល់៣១ធ្នូ ឆ្នាំ២០២២ ​ គយប្រមូលពន្ធជាង៣០លានដុល្លារ​ ពីរថយន្តចង្កូតស្តាំ និងចង្កូតឆ្វេង។

លោកបានឱ្យដឹងថា ក្នុងដំណាក់កាលទី២នេះ គឺជាដំណាក់ផ្តោតទៅលើការប្រមូលរថយន្តចង្កូតស្តាំដែលមិនកែចង្កូត ក្នុងនោះ មានរថយន្តចំនួនជាង ៩៨៥៥គ្រឿង ​បានមកចុះបញ្ជី​​។ គិតមកដល់ថ្ងៃឱសានគឺថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានរថយន្តចំនួន ៧៩១០ គ្រឿង ដែលម្ចាស់បានមកបំពេញកតព្វកិច្ចពន្ធ ដោយប្រមូលបានថវិកាជាង ២៦ លានដុល្លារ ដូច្នេះនៅសល់ ១៩៤៥គ្រឿងទៀត ​មិនបានមកបំពេញកាតព្វកិច្ចពន្ធទេ។ ទន្ទឹមគ្នានេះ នៅក្នុងដំណាក់កាលទី២នេះ គយក៏បានប្រមូលពន្ធពីរថយន្តចង្វេត​ផងដែរ ដោយសារម្ចាស់បានខកខាន ក្នុងការមកបំពេញកាតព្វពន្ធកាលពីដំណាក់កាលទី១ ដែលមានចំនួន៤៤១គ្រឿង និងទទួលបានថវិកាប្រមាណជិត ៤លានដុល្លារ។

លោកបានឱ្យដឹងថា ចំពោះរថយន្តដែលនៅសល់មិនបានមកបំពេញកាតព្វកិច្ចពន្ធទាំងជិត២ពាន់គ្រឿងនេះ ត្រូវបានប៉ាន់ប្រមាណថា រថយន្តមួយគ្រឿងជាប់កាតព្វកិច្ចពន្ធ​ជាង៣ពាន់ដុល្លារ​ ដូច្នេះសុរបទាំងអស់ស្មើនឹងជាង៦លានដុល្លារ។

លោកលើកឡើងថា រថយន្តដែលនៅសល់មិនមកបំពេញកាតព្វកិច្ច អាចមកពីម្ចាស់រថយន្តនៅមានភាពស្ទាក់ស្ទើរក្នុងការសម្រេចចិត្តមកបង់ ដោយសារជាប្រភេទរថយន្តស៊េរីចាស់ៗ ហើយរថយន្តខ្លះត្រូវបានបុកបណ្តាលឱ្យខូច ហើយរថយន្តខ្លះទៀតបានដោះជាគ្រឿងបន្លាស់ និងមួយចំនួនត្រូវបានលក់បន្តទៅឱ្យអ្នកផ្សេងបន្តជាដើ។

លោកពន្យល់បន្ថែមថា «យើងបានចាត់ចែងកម្លាំង ផ្សព្វផ្សាយផង ចុះទៅដល់ទីតាំងការដ្ឋានការងារផង និងបានទាក់ទងតាមទូរសព្ទទៅម្ចាស់ផង ប៉ុន្តែមានមូលហេតុផ្សេងៗគ្នាដែលធ្វើ​ឱ្យម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។ ជារួមនៅក្នុងដំណាក់កាលទី២នេះ យើងប្រឹងប្រែងប្រមូល និងចំណាយកម្លាំងយ៉ាងច្រើន ពេលវេលាក៏ច្រើននៅក្នុងដំណាក់កាលទី២នេះ ពីព្រោះសុទ្ធសឹងតែជាប្រភេទរថយន្តដឹកដី ដឹកថ្មី ដឹកខ្សាច់ អ៊ីចឹងហើយត្រូវការកម្លាំងចុះទៅដល់ការដ្ឋាន ចុះទៅដល់ស្រុក ឃុំ និងខ្នងផ្ទះ»

លោក គុណ ញឹម បានវាយតម្លៃយុទ្ធនាការប្រមូលពន្ធពីរថយន្តដែលគ្មានពន្ធទាំងពីរដំណាក់កាលនេះ ជាជោគជ័យមួយរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបានប្រមូលចំណូលចូលរដ្ឋ ពោលគឺយុទ្ធនាការនេះ​ ចំណេញទាំងអស់គ្នា ដោយរដ្ឋទទួលបានចំណូល ចំណែកអ្នកកាន់កាប់រថយន្តខុសច្បាប់ ទទួលបាននូវការប្រើប្រាស់រថយន្តដែលស្របច្បាប់វិញ៕