(ភ្នំពេញ)៖ កំណត់ហេតុនៃកិច្ចពិភាក្សាស្តីពី «គម្រោងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវអន្តរកាលថាមពលស្អាតឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន» ក្រោមគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេសរវាងក្រសួងរ៉ែ និងថាមពល និងរដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខាដោយលោកបណ្ឌិត ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និង លោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ប្រចាំកម្ពុជា។ ពិធីចុះហត្ថលេខា ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងរ៉ែនិងថាមពល។

សេចក្តីប្រកាសព័ត៌មានរួម បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងអភិវឌ្ឍន៍ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកសង្គម ដែលមានអព្យាក្រឹតកាបូនសម្រាប់ប្រទេសកម្ពុជា ជាមួយនឹងការរក្សាឱ្យបាននូវតុល្យភាពនៃសន្តិសុខថាមពល កំណើនសេដ្ឋ កិច្ច និងកិច្ចការពារបរិស្ថាន។ គម្រោងនេះនឹងត្រូវចាប់ផ្តើមអនុវត្តនៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

ក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយក្រសួងរ៉ែនិងថាមពល និងភាគីពាក់ព័ន្ធ ក្រុមជំនាញការរបស់ JICA នឹងពិនិត្យលើគោលនយោបាយ និងសេណារីយ៉ូពាក់ព័ន្ធទាំងអស់ វិភាគលើគុណសម្បត្តិនិងគុណវិបត្តិនៃសេណារីយ៉ូនីមួយៗ ព្រមទាំងកំណត់អំពីបច្ចេកវិទ្យានិងវិធានការណ៍ជាអាទិភាពទាំងឡាយដែលត្រូវសម្រេចដាក់ឱ្យប្រើប្រាស់ ជាមួយនឹងការរៀបចំសកម្មភាពគោលនយោបាយ ក្របខណ្ឌទទួលខុសត្រូវរបស់ស្ថាប័ន និងគម្រោងនិងយុទ្ធសាស្ត្រវិនិយោគ។ យោងតាមលទ្ធផលនៃការវិភាគនិងអនុសាសន៍ទាំងនេះ ចុងក្រោយបំផុត ដោយផ្អែកលើសេណារីយ៉ូដែលសមស្របជាងគេ ផែនទីបង្ហាញផ្លូវនេះនឹងកំណត់អំពីផែនការសកម្មភាពនានា ដែលក្រសួងរ៉ែនិងថាមពលត្រូវអនុវត្តឆ្ពោះទៅរកសង្គមអព្យាក្រឹតកាបូន។

«យើងជឿជាក់ថា ជាមួយនឹងការខិតខំប្រឹងប្រែងរួមគ្នារវាងភាគីទាំងពីរ គម្រោងរៀបចំផែនទីបង្ហាញផ្លូវនេះ នឹងចូលរួមចំណែកដល់ការសម្រេចឱ្យបាននូវសង្គមអព្យាក្រឹតកាបូន សម្រាប់ប្រទេសកម្ពុជាត្រឹមឆ្នាំ ២០៥០»។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដដែល៕