(កំពង់ធំ)៖ លោក ព្រឹម រដ្ឋា អភិបាលរងខេត្កកំពុងធំ នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ឈរជើងនៅចំណុចផាត់សណ្តាយ ចុះបង្រ្កាបបទល្មើសនេសាទនៅចំណុចខ្សាច់ពូនភ្នំ ចុងអូរគន្លងតាឈុន កន្លុកបាយក្អែក និងសាមពាង ក្នុងភូមិសាស្ត្រឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ថ្លែងនាឱកាសនោះលោក ព្រឹម រដ្ឋា បានបញ្ជាក់ថា ការចុះប្រតិបត្តិការនេះបានរុះរើបំផ្លាញចោលវត្ថុតាងនៅនិងកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាញឹកចំនួន ១០របាំង ប្រវែង ៣ ០០០ម៉ែត្រ ឡុកចំនួន៣០គ្រឿង លប/លូចំនួន ៣០មាត់ បង្គោលចំនួន ២០០០ដើម ចាក់លែងត្រីស្រស់ចម្រុះចំនួន៦០គីឡូក្រាមចូលទន្លេវិញ។

លោក ព្រឹម រដ្ឋា ក៏បានចំអប់រុះផ្សព្វផ្សាយ និងអប់រំដល់ប្រជានេសាទចំនួន ៥០គ្រួសារ ដើម្បីកុំឲ្យគាត់នេសាទហួសដែនកំណត់ និងការប្រើប្រាស់ឧបករណ៍នេសាទជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការចូលរួមចំណែករក្សាពូជត្រីនៅបឹងទន្លេសាបឲ្យបានគង់វង្ស និងបានសំណូមពរដល់ប្រជានេសាទ ប្រសិនជាមានឧបករណ៍នេសាទដែលកំពុងនេសាទនៅតំបន់ណាមួយ សូមប្រជានេសាទចុះរុះរើដោយខ្លួនឯងផ្ទាល់ផងដែរ៕