(ភ្នំពេញ)៖ លោក គង់ គាំ ឧត្តមទីប្រឹក្សាគណបក្សភ្លើងទៀន និងលោក គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានដាក់លិខិត២ដាច់ដោយឡែកពីគ្នា ស្នើសុំចូលជួបសម្តែងការគួរសមជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជម្រាបជូនពីបញ្ហា និងស្តាប់ការណែនាំ។

តាមលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន, លោក គង់ គាំ បានបញ្ជាក់ដូច្នេះថា៖

«សូមសម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងជម្រាបជូនបញ្ហាធំៗទាំងពីរ ជាផលវិបាកដ៏ធ្ងន់ធ្ងរកើតឡើងដោយអចេតនា។

១៖ បញ្ហាបណ្ដឹងរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដាក់ជូនលោកព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ សុំប្តឹងឈ្មោះ គង់ គាំ អំពីចេតនាទុច្ចរិត ញុះញង់ឲ្យមានភាព វឹកវរ ចលាចល អសន្តិសុខសង្គម ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការទីស្នាក់ការគណបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ។

២៖ បញ្ហាដីផ្ទះលេខ៧១ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលខ្ញុំបាទ និងគ្រួសារកំពុងស្នាក់នៅ។

បញ្ហាដូចបានជម្រាបជូនខាងលើ ខ្ញុំបាទសូម សម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណ បក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួប ដើម្បីសូមសម្តេចផ្ដល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់បំផុតចំពោះបញ្ហាខាងលើដោយក្តីអនុគ្រោះ»។

ចំណែកលិខិតរបស់ លោក គង់ មុនីកា កូនប្រុសរបស់ លោក គង់ គាំ ក៏បានបញ្ជាក់ដែរថា៖ «ខ្ញុំបាទ គង់ មុនីកា អតីតប្រធានគណបក្សឆន្ទៈខ្មែរ សូម សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាអនុញ្ញាតឲ្យខ្ញុំបាទបានចូលជួបសម្តែងការគួរសម និងស្តាប់ការណែនាំអំពីបរិយាកាស និងដំណើរនយោបាយជាវិជ្ជមាននៃរបបប្រជាធិបតេយ្យ សេរី ពហុបក្សនៅកម្ពុជា។

អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ ខ្ញុំបាទសូមសម្តេចអគ្គមហាសេនាបតីតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាអនុញ្ញាតឲ្យខ្ញុំបាទ បានចូលជួប ដើម្បីសូមសម្ដេចផ្តល់ឱវាទដ៏ថ្លៃថ្លា និងខ្ពង់ខ្ពស់ដោយក្តីអនុគ្រោះ»។

សូមបញ្ជាក់ថា ការស្នើសុំជួបសម្តែងការគួរសមជាមួយ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពី ក្រសួងការបរទេស បានដាក់ពាក្យប្តឹងសុំឱ្យ តុលាការចេញដីការរក្សាការពារដី និងផ្ទះ លោក គង់ គាំ នៅទីតាំងខាងលើនេះ និងស្នើសុំឱ្យចេញសាលក្រមឱ្យ លោក គង់ គាំ ប្រគល់ដី និងផ្ទះនោះ មកឱ្យក្រសួងការបរទេសវិញផងដែរ៕