(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីភាពបិទវគ្គបណ្តុះបណ្តាលមុខជំនាញឯកទេសការពារគីមីសាស្ត្រជំនាន់ទី១១ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា១ខ្នង នៅសាលាហ្វឹកហ្វឺនគីមីសាស្ត្រ នៅឃុំស្វាយស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

វគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្ត្រ ជំនាន់ទី១១ រយៈពេល៩ខែ ក្នុងឆ្នាំ២០២២ ដែលមានសមាសភាពជាយោធាចំនួន ៧៨នាក់ មកពីបណ្តាលអង្គភាពចំណុះកងយោធពលខេមរភូមិន្ទ។

ដោយឡែកអគារអគារសិក្សា១ខ្នង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់មានទំហំ១៣ គុណ៣២ម៉ែត្រ ស្មើនឹង ៤១៦មែត្រការ៉េ ដែលសាងសង់អំពីថ្មឥដ្ឋ ដំបូលប្រកស័ង្កសីក្រាលការ៉ូ។

បើតាមឧត្តមសេនីយ៍ឯក ឈឹម សាវុធ នាយរងសេនាធិការចម្រុះ នាយកទីចាត់ការការពារគីមីសាស្ត្រ អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា កន្លងមកសាលាហ្វឹកហ្វឺនការពារគីមីសាស្ត្រ បានហ្វឹកហ្វឺនជំនាញឯកទេសការពារគីមីសាស្ត្រជូនសិក្ខាកាមមកពីបណ្តា អង្គភាពសរុបចំនួន ១៨វគ្គ ក្នុងនោះវគ្គបំប៉នចំនួន ៧វគ្គ ក្នុងមួយវត្តមានរយៈពេល៣ខែ សិក្ខាកាមសរុបចំនួន ៤១៣នាក់ វគ្គបណ្តុះបណ្តាលចំនួន ១១វគ្គ ក្នុងមួយវគ្គមានរយៈពេល៥ខែ សិក្ខាកាមសរុបចំនួន ១,១០០នាក់ ក្រៅពីនោះកម្លាំងផ្ទៃក្នុងរបស់ទីចាត់ការបានហ្វឹកហ្វឺនបំប៉នជំនាញគីមីសាស្ត្រ រយៈពេលខ្លីជាមួយយោធាអាមេរិកចំនួន២លើក ក្នុងមួយលើកមានរយៈពេល ៥ថ្ងៃ កម្លាំងចូលរួមចំនួន ៦៥នាក់ និងបានចូលរួមធ្វើលំហាត់សមយុទ្ធជាមួយកងទ័ព ប្រជាជនចិនចំនួន៣លើក (ម្រះព្រៅ ជុំគិរី) កាលពីឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។

ឧត្តមសេនីយ៍ឯក ឈឹម សាវុធ បានបន្តថា ក្រៅពីការងារហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញឯកទេសការពារគីមីសាស្ត្រ ជូនដល់កងទ័ពគ្រប់បណ្តាអង្គភាព ទីចាត់ការការពារគីមីសាស្ត្រជាទ័ពប្រយុទ្ធ និងមានភារកិច្ច ដូចខាងក្រោម៖

១៖ ធ្វើជាសេនាធិការជូនអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ក្នុងភារកិច្ចការពារនិងសង្គ្រោះការប្រឡាក់ជាប់ ជាតិពុលសារធាតុគីមីនៅលើសមរភូមិ និងទីប្រជុំជននៅពេលដែលយុទ្ធជន និងប្រជាពលរដ្ឋត្រូវជាតិពុល ដោយសារធាតុគីមី ព្រមទាំងមាន ភារកិច្ចប្រយុទ្ធក្នុងសមរភូមិតាមបទបញ្ជារបស់ថ្នាក់លើ។
២៖ ជានិច្ចកាល គ្រប់គ្រង និងការពារគោលដៅសំខាន់ៗ ជាយុទ្ធសាស្ត្រដែលថ្នាក់លើប្រគល់ជូន។
៣៖ ផ្សព្វផ្សាយជូនដំណឹងអំពីសភាពការណ៍គីមីសាស្ត្រដល់អង្គភាពជួរមុខ និងខាងក្រោយ បើមានករណីសារធាតុគីមីកើតឡើង។
៤៖ គ្រប់គ្រង និងហ្វឹកហ្វឺន ធ្វើផែនការប្រចាំឆ្នាំ ប្រចាំខែ ដើម្បីលើកកម្ពស់សមត្ថភាព ជំនាញបណ្តុះបណ្តាលប្រចាំឆ្នាំ ប្រចាំខែជូនដល់យោធិនគ្រប់លំដាប់ថ្នាក់ដល់បណ្តាអង្គភាព។
៥៖ គ្រប់គ្រងសម្ភារៈបច្ចេកទេសជំនាញសព្វាវុធដែលថ្នាក់លើបំពាក់ ធានាប្រយុទ្ធមានគុណភាព និងប្រសិទ្ធភាពខ្ពស់។
៦៖ ដឹកនាំកម្លាំង និងប្រើប្រាស់កម្លាំងចូលរួមសហការជាមួយបណ្តាអង្គភាពក្នុងការការពារសន្តិសុខ និងសង្គ្រោះ គ្រោះមហន្តរាយដោយយថាហេតុ។
៧៖ ក្រៅពីចូលរួមធ្វើការងារសង្គម អង្គភាពទទួលការងារជាក់ស្ដែងតាមការប្រគល់ភារកិច្ចរបស់អគ្គមេបញ្ជាការ៕