(ភ្នំពេញ)៖ លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន បានផ្ញើសារលិខិតជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសម្តែងភាពរីករាយចំពោះ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ លោក ហ្វូមីអុ គីស៊ីដា បានលើកឡើងថា៖ ក្នុងនាមរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ខ្ញុំសូមចូលរួមអបអរសាទរដោយស្មោះអស់ពីដួងចិត្ត ក្នុងឱកាសដ៏វិសេសវិសាលនៃខួបអនុសសាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ ទំនងការទូតរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា «ខ្ញុំក៏មានសេចក្តីសោមនស្ស រីករាយផងដែរចំពោះការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីដល់កម្រិត "ភាពជាដៃគូយុទ្ធសាស្ត គ្រប់ជ្រុងជ្រោយ" ដែលខ្ញុំបានប្រកាសជាមួយសម្តេចតេជោ កាលពីខែវិច្ឆិកាឆ្នាំមុន»

លោកបានបន្តថា៖ ប្រទេសយើងទាំងពីរបានបង្កើត និងយកចិត្តទុកដាក់ថែរក្សាមិត្តភាពដ៏កក់ក្ដៅអស់រយៈពេល៧០ឆ្នាំកន្លងមកហើយ។ ជាពិសេស តាមរយៈកិច្ចសហប្រតិបត្តិការដើម្បីសន្តិភាពនៅកម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍរបស់កម្ពុជា ប្រទេសយើងទាំងពីរ និងប្រជាជនបានកសាងទំនាក់ទំនងយ៉ាងជឿទុកចិត្តគ្នាមិនអាចកាត់ថ្លៃបាន។ ជាមួយនឹងការ អភិវឌ្ឍគួរឲ្យកត់សម្គាល់របស់កម្ពុជា សក្ដានុពលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែធំធេងថែមទៀត។ កិច្ចសហប្រតិបត្តិការលើជំនួយដោះមីនដល់ប្រទេសអ៊ុយក្រែន បានបង្ហាញទម្រង់ថ្មីនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ក្រោម «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។ ប្រទេសជប៉ុនមានបំណងបង្កើតកិច្ចសហប្រតិបត្តិការថ្មីរួមគ្នាជាមួយ សម្តេចតេជោ និងប្រជាជនកម្ពុជា។

លោកបានបន្តទៀតថា លោកទន្ទឹងរង់ចាំប្រជាជននៃប្រទេសទាំងពីរជាច្រើន ចូលរួមក្នុងព្រឹត្តិការណ៍រំលឹកខួបលើក ទី៧០នៃមិត្តភាពជប៉ុន-កម្ពុជា ដែលនឹងប្រារព្ធឡើងពេញមួយឆ្នាំ ហើយឃើញមានការផ្លាស់ប្ដូរ ដ៏មានអត្ថន័យជ្រាលជ្រៅ។

លោកនាយករដ្ឋមន្ត្រីជប៉ុន សូមជូនពរ ព្រះរាជវង្សានុវង្សកម្ពុជា មានវិបុលភាព និងជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ មានសុខភាពល្អ និងបន្តជោគជ័យគ្រប់ភារកិច្ច ហើយសូមឱ្យ ប្រជាជនកម្ពុជាទាំងអស់មានសុភមង្គល៕