(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូន លោក ហ្វូមីអុ គីស៊ីដា (Fumio Kishida) នាយករដ្ឋមន្ត្រីជប៉ុន ដោយសម្តែងភាពរីករាយចំពោះ ខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០២៣នេះ។

តាមរយៈសារលិខិតដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចសូមជូនសព្ទសាធុការពរ និងសម្ដែងនូវការអប់អរសាទរដ៏កក់ក្តៅបំផុតជូនចំពោះ លោក ហ្វូមីអុ គីស៊ីដា រដ្ឋាភិបាល និងប្រជាជនជប៉ុន នៅក្នុងឱកាសដ៏រីករាយនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងប្រទេសជប៉ុន។

សម្តេចបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនបានឈានដល់ដំណាក់កាលសំខាន់ថ្មីមួយទៀត ក្នុងពេលដែលយើងដំឡើងកម្រិតទំនាក់ទំនងពីភាពជាដៃគូរគ្រួសាស្ត្រទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ»

សម្តេចបានគូសបញ្ជាក់ថា៖ អស់រយៈពេល ៧០ ឆ្នាំកន្លងមកនេះ កម្ពុជា និងជប៉ុនរក្សាបាននូវទំនាក់ទំនងដ៏ល្អប្រសើរ និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ទាំងនៅក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី បើទោះបីជាតំបន់របស់យើង និងពិភពលោកបាននិងកំពុងប្រឈមមុខនឹងភាពមិនប្រាកដប្រជា និងបញ្ហាដ៏ស្មុគស្មាញក្តី។ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាតែងតែផ្តល់តម្លៃខ្ពស់ចំពោះការចូលរួមចំណែកដ៏សំខាន់របស់ជប៉ុន ក្នុងដំណើរការស្វែង រកសន្តិភាព និងការបន្តគាំទ្ររបស់ជប៉ុនដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោសង្ឃឹមយ៉ាងមុតមាំថា ការលើកកម្ពស់ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ នឹងផ្តល់នូវផលប្រយោជន៍ដ៏ធំធេងថែមទៀតដល់ប្រជាជន និងប្រជាជាតិទាំងពីររបស់យើង។

សម្តេចបានបន្តថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវការរីកចម្រើនយ៉ាងខ្លាំងក្លានៃទំនាក់ទំនងទ្វេភាគី តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ បូករួមជាមួយកិច្ចសហប្រតិបត្តិការគ្របដណ្តប់លើវិស័យជាច្រើន ទំនាក់ទំនងសេដ្ឋកិច្ចរឹងមាំ និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជនដ៏ជិតស្និទ្ធ។ ឆ្នាំមុនគឺជាខួបអនុស្សាវរីយ៍លើកទី៣០ នៃបេសកកម្មក្រៅប្រទេសជាលើកដំបូងរបស់កងកម្លាំងស្វ័យការពាររបស់ជប៉ុន ក្នុងប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅកម្ពុជា ហើយយើងបានឯកភាពគ្នាជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ តាមរយៈការផ្លាស់ប្តូរ និងកម្មវិធីនានាសកម្មភាពនានាដ៏សកម្មរវាងក្រសួងការពារជាតិនិងទស្សនកិច្ចចំនួនពីរលើករបស់នាវានៃកងកម្លាំងស្វ័យការពារជើងទឹករបស់ជប៉ុន កាលពីខែមីនា និងខែវិច្ឆិកា ឆ្នាំ២០២២។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា៖ «ទន្ទឹមជាមួយនេះដែរ ដោយសាឆ្នាំនេះក៏ជាខួបអនុស្សាវរីយ៍លើកទី៥០ នៃមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ខ្ញុំរីករាយក្នុងការធ្វើការជិតស្និទ្ធជាមួយឯកឧត្តម ដើម្បីរៀបចំកិច្ចប្រជុំអនុស្សាវរីយ៍នេះប្រកបដោយភាពជោគជ័យ និងលើកកម្ពស់ទំនាក់ទំនងអាស៊ាន-ជប៉ុន ថែមទៀត។ ខ្ញុំក៏ទន្ទឹងរង់ចាំជួបជាមួយឯកឧត្តម ជាថ្មីទៀតក្នុងឆ្នាំនេះ»