(ភ្នំពេញ)៖ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា​ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្តការពារសន្តិភាព និងចាត់ទុកថ្ងៃ ៧មករា នៅស្ថិតស្ថិរជាអមតៈ ក្នុងបេះដូងប្រជាជនខ្មែរជានិច្ច។

ការប្តេជ្ញានេះ បានធ្វើឡើងពេលលោក សម ភិរុណ សមាជិកគណៈកម្មាធិការគណបក្សថ្នាក់ខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំឆ្នុកទ្រូតំណាង លោក សូ ស៉ីនួន ប្រធានក្រុមការងារងារថ្នាក់កណ្តាល រួមជាមួយលោក សុខ សន ក្រុមការងារថ្នាក់កណ្តាល លោក អ៊ុក សារុន ក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកបរិបូណ៍ និងលោក ឃួន សៅរុំ ប្រធានគណបក្សថ្នាក់ស្រុកបរិបូណ៌ បានចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ៧មករា ឆ្នាំ១៩៧៩-៧មករា ឆ្នាំ២០២៣ នៅឃុំឆ្នុកទ្រូ។

ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ដោយវត្តមានចូលរួមជាសមាជិកនៃអង្គពិធីសរុប ចំនួន ២១៥នាក់។

សូមជម្រាបថា នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ ឱកាសដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញប្រារព្ធពិធីអបអរសាទរខួប៤៤ឆ្នាំ នៃថ្ងៃជ័យជម្នះ «៧មករា» ដែលមានអ្នកចូលរួមប្រមាណជាង២ម៉ឺននាក់ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវជាថ្មីឱ្យជនរួមជាតិទាំងអស់ ថែរក្សាការពារនូវសុខសន្តិភាពរបស់ប្រទេសកម្ពុជា ដែលមានសព្វថ្ងៃនេះ ហើយទប់ស្កាត់ និងកម្ចាត់នយោបាយជ្រុលនិយម ដែលចង់បំផ្លាញដល់សុខសន្តិភាពរបស់ប្រទេសជាតិ។

សម្តេចបានលើកឡើងថា ៤៤ឆ្នាំកន្លងទៅនេះ គឺជា ៤៤ឆ្នាំ នៃសាមគ្គីភាព ជា៤៤ឆ្នាំនៃការតស៊ូអនុវត្តគ្រប់កិច្ចការប្រកបដោយ វីរភាព និងជា៤៤ឆ្នាំនៃជ័យជម្នះរបស់ប្រជាជនកម្ពុជា។ ការតស៊ូពុះពាររបស់យើង បានកែប្រែមាតុភូមិពី ទឹកដីមរណៈ មកជាទឹកដីលូតលាស់ដ៏ស្រស់បំព្រងប្រកបដោយមោទនភាពបំផុត ដែលបានបង្កើនជំនឿ និង ពង្រឹងការតាំងចិត្តរបស់យើង ដើម្បីសម្រេចនូវសមិទ្ធផលថ្មីៗទៀតក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការកសាងអនាគតដ៏រុងរឿងសម្រាប់កូនចៅយើងគ្រប់ជំនាន់តទៅមុខទៀត ដោយគ្មានការកើតមានជាថ្មីនូវសង្គ្រាមការបែកបាក់ជាតិ និងអំពើប្រល័យពូជសាសន៍ដូចពីអតីតកាល៕