(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក ដូមីនិក វីល្លៀម (Dominic Williams) ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា នៅក្នុងជំនួបនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ បានសម្តែងនូវសុទិដ្ឋិនិយមថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនាពេលបច្ចុប្បន្នរវាងប្រទេសទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរំលឹកពីដំណើរទស្សនកិច្ចរបស់ លោក ដូមីនិក រ៉ាអាប់ (Dominic Raab) អតីតរដ្ឋមន្រ្តីការបរទេស នៃចក្រភពអង់គ្លេស កាលពីខែមិថុនា ឆ្នាំ២០២១ ដែលបានបង្ហាញអំពីសារៈសំខាន់ដែលចក្រភពអង់គ្លេស បានផ្តល់ចំពោះទំនាក់ទំនងជាមួយកម្ពុជា និងតំបន់។ លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះចក្រភពអង់គ្លេសដែលបានផ្តល់ជំនួយដល់កម្ពុជា រួមមាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ការបោសសម្អាតមីន អាហារូបករណ៍ដល់និស្សិតកម្ពុជា និងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ លោកឯកអគ្គរាជទូត វីល្លៀម បានអបអរសាទរកម្ពុជាចំពោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយទាំងលោក ឧបនាយករដ្ឋមន្ត្រី និងលោកឯកអគ្គរាជទូត បានសម្តែងនូវសេចក្តីរីករាយចំពោះស្ថានភាពនៃទំនាក់ទំនងទ្វេភាគី។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត វីល្លៀម បានស្វាគមន៍ចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ហើយបានបង្ហាញក្តីសង្ឃឹមថា ការចរចាលើសេចក្តីព្រាងអនុស្សារណៈនៃការយោគយល់ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងត្រូវបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីជំរុញពាណិជ្ជកម្មបន្ថែមទៀត។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត វីល្លៀម បានកត់សម្គាល់ដោយសេចក្តីសោមនស្សចំពោះការរៀបចំកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្សកម្ពុជា-ចក្រភពអង់គ្លេសប្រកបដោយជោគជ័យ និងមានទស្សនៈដូចគ្នាក្នុងការបន្តកិច្ចសន្ទនានេះ ដើម្បីបង្កើនការយល់ដឹងពីគ្នាទៅវិញទៅមក។

ឧបនាយករដ្ឋមន្ត្រី និងឯកអគ្គរាជទូត បានពិភាក្សាអំពីការរៀបចំព្រឹត្តិការណ៍មួយចំនួន ដែលប្រទេសទាំងពីរនឹងអបអរសាទរខួបលើកទី៧០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរនៅក្នុងឆ្នាំនេះ ដែលជា ឱកាសដ៏ល្អក្នុងការជំរុញទំនាក់ទំនងទ្វេភាគី។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានលើកឡើងពីលទ្ធផលនៃកិច្ចសន្ទនាស្តីពីសិទ្ធិមនុស្ស និងបានស្នើឲ្យបង្កើនកម្រិតនៃកិច្ចសន្ទនានេះទៅជាការពិគ្រោះយោបល់នយោបាយ ជាពិសេសនៅក្នុងឆ្នាំនេះតែម្ដង ដើម្បីអបអរសាទរព្រឹត្តិការណ៍ដ៏មានអត្ថន័យខាងលើ។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូត វីល្លៀម ក៏បានពិភាក្សាអំពីវិធីដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យផ្សេងៗផងដែរ រួមមាន ពាណិជ្ជកម្ម ថាមពល ការប្រែប្រួលអាកាសធាតុ ការអប់រំ និងការពារជាតិ ជាដើម។

នៅក្នុងក្របខ័ណ្ឌអាស៊ាន-ចក្រភពអង់គ្លេស ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានអបអរសាទរជាថ្មីចំពោះចក្រភពអង់គ្លេស ដែលបានក្លាយជាដៃគូសន្ទនារបស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយចក្រភពអង់គ្លេស ដើម្បីជំរុញភាពជាដៃគូនេះ។ លោកបានកត់សម្គាល់ដោយក្ដីពេញចិត្ត ចំពោះភាពជោគជ័យនៃរៀបចំសន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយចក្រភពអង់គ្លេស (PMC) ជាលើកដំបូង កាលពីខែសីហា នៅរាជធានីភ្នំពេញ និងចំពោះកិច្ចពិភាក្សាប្រកបដោយផ្លែផ្កានាពេលនោះរបស់លោកជាមួយ លោកស្រី Amanda Milling អនុរដ្ឋមន្រ្ដីទទួលបន្ទុកកិច្ចការអាស៊ី នៃក្រសួងការបរទេស កំមិនវ៉ែល និងអភិវឌ្ឍន៍នៃចក្រភព អង់គ្លេស។

ឯកអគ្គរាជទូត វីល្លៀម បានកោតសរសើរដល់កម្ពុជាចំពោះតួនាទីជាប្រធាន អាស៊ានប្រកបដោយជោគជ័យ និង «ការងារដ៏ល្អអស្ចារ្យ» របស់កម្ពុជា ក្នុងការធានាឱ្យបាននូវដំណើរការដ៏រលូននៃគ្រប់កិច្ចប្រជុំទាំងអស់ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និងឯកអគ្គរាជទូត វីល្លៀម ក៏បានផ្លាស់ប្តូរ ទស្សនៈលើការវិវត្តនានានៅក្នុងតំបន់ និងអន្តរជាតិ និងបានឯកភាពលើជំហរចំពោះការគោរពច្បាប់អន្តរជាតិ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអធិបតេយ្យភាពរបស់រដ្ឋឯករាជ្យ៕