(ក្រចេះ)៖ បុរសជនជាតិកាណាដាម្នាក់ស្រវឹងស្រាធ្លាក់ពីលើផ្ទះសំណាក់ «ផ្សោតប្រាក់» បានស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

យោងតាមរបាយការណ៍នគរបាលក្រុងក្រចេះ បញ្ជាក់ថា ជនរងគ្រោះដែលធ្លាក់ពីលើផ្ទះសំណាក់ឈ្មោះ​ MARCHAND STEPHANE ភេទប្រុស អាយុ៤៤ឆ្នាំ​ ជនជាតិកាណាដា បច្ចុប្បន្នមកស្នាក់នៅផ្ទះសំណាក់ «ផ្សោតប្រាក់» (បន្ទប់លេខ៤០៤, ជាន់ទី២) ស្ថិតក្នុងភូមិក្រចេះ សង្កាត់ក្រចេះ ក្រុងក្រចេះ។

តាមរបាយការណ៍បញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន, សមត្ថកិច្ចជំនាញ​នៃអធិការដ្ឋាននគរបាលក្រុង ជំនាញខេត្ត និងអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន​ បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសព​ និងប្រមូលព័ត៌មានជុំវិញកន្លែងកើតហេតុ​បញ្ជាក់ថា ឈ្មោះ​ MARCHAND STEPHANE ដោយមានសភាពស្រវឹងស្រា ហើយនៅលើសពមានស្លាកស្នាម បែកក្បាលផុងលលាដ៏ផ្នែកខាងក្រោយ និងបាក់ឆ្អឹងខ្នង បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ។

​ក្រោយពីបានធ្វើការពិនិត្យសពរួចរាល់ សមត្ថកិច្ចយើងបានឲ្យឡានពេទ្យដឹកសាកសពយកទៅរក្សាទុកបណ្តោះអាសន្ននៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ៕