(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកអំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរលង់រវាងកម្ពុជា និងចិន ដែលបានក្លាយទៅជាមិត្តភាពដែកថែបមិនអាចបំបែកបាន។

ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ពេលលោកឧបនាយករដ្ឋមន្ត្រី អនុញ្ញាតទទួលជួបលោក អ៊ុំ វុទ្ធទី ស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដែលអញ្ជើញមកសម្តែងការគួរសម និងជូនពរលោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៣ ខាងមុខនេះ។

លោក ហោ ណាំហុង អះអាងថា ផ្អែកលើមិត្តភាពដ៏ជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយផ្លែផ្កា កំណើនទំហំពាណិជ្ជកម្ម និងវិនិយោគចិននៅកម្ពុជា ព្រមជាមួយនេះ មិត្តចិនក៏បានផ្ដល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មកទល់ពេលនេះ ផ្លូវថ្នល់ជាង ៣០០០គីឡូម៉ែត្រ និងស្ពានចំនួន៨ ត្រូវបានសាងសង់រួចរាល់ហើយ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក អ៊ុំ វុទ្ធទី បានជូនពរនិងថ្លែងអំណរគុណលោក ហោ ណាំហុង ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសចិន ហើយបានជម្រាបលោកឧបនាយករដ្ឋមន្ត្រី អំពីស្ថានភាពនៃនិស្សិតអាហារូបករណ៍ទាំង ១០នាក់ ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិន និងបានចូលបំរើការងារក្នុងក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល។ ចំណែករូបលោកផ្ទាល់ លោកមានបំណងចង់ទៅធ្វើការនៅប្រទេសចិនវិញ ដើម្បីអាចជួយសម្រួលដល់និស្សិតកម្ពុជារាប់រយនាក់ ដែលកំពុងបន្តការសិក្សានៅប្រទេសចិន និងជាការងាយស្រួលក្នុងការកៀរគរអាហារូបករណ៍បន្ថែមទៀត។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានជូនពរ លោក អ៊ុំ វុទ្ធទី និងនិស្សិតអាហារូបករណ៍ទាំងអស់ និងបានលើកសរសើរនិស្សិតកម្ពុជាទាំងអស់នោះ ដែលបានបញ្ចប់ការសិក្សានៅប្រទេសចិនលើមុខវិជ្ជាជីវៈតាមវិស័យ ដ៏សំខាន់ផ្សេងៗដោយជោគជ័យ រួចមកបំរើការងារក្នុងក្រសួង និងស្ថាប័ននានារបស់រាជរដ្ឋាភិបាល។

លោក អ៊ុំ វុទ្ធទី ក៏បានលើកថា ក្នុងពេលធ្វើការនៅប្រទេសចិន លោកចង់ឱ្យមានការិយាល័យមួយ នៅស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងប៉េកាំង ដើម្បីអាចជួយសម្រួលដល់និស្សិតកម្ពុជា ដែលកំពុងបន្តការសិក្សានៅប្រទេសចិនសព្វថ្ងៃនេះ និងនិស្សិតដែលនឹងទៅសិក្សានៅប្រទេសចិននៅពេលអនាគត។

លោកឧបនាយករដ្ឋមន្ត្រី បានលើកសរសើរលោកអ៊ុំ វុទ្ធទី ដែលបានបង្កើតសមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន ដើម្បីជួយនិស្សិតអាហារូបករណ៍កម្ពុជានៅប្រទេសចិន។ លោក ហោ ណាំហុង ក៏បានបញ្ជាក់ថាមិត្តចិនក៏បានផ្ដល់អាហារូបករណ៍រាប់រយនាក់ក្នុងមួយឆ្នាំៗ ដល់និស្សិតកម្ពុជា៕