(កំពង់ធំ)៖ លោកស្រី ហុង ផានី ងួន រតនៈ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ធំ និងជាប្រធានក្រុមចលនាស្ត្រីមនុស្សធម៌ខេត្តកំពង់ធំ អមដំណើរដោយលោកស្រី លំ គន្ធារី ប្រធានសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍សាខាខេត្តកំពង់ធំ និងជាអភិបាលរងខេត្ត រួមនិងអាជីវករ បានចុះសួរសុខទុក្ខគ្រួសារស្ត្រីឆ្លងទន្លេកូនភ្លោះ៣នាក់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំនាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

ជាមួយគ្នានេះ លោកស្រី ហុងផានី ងួនរតនៈ បានផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំសមាគមនារីកម្ពុជាដើម្បីអភិវឌ្ឍន៍ ពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ។

លោកស្រីក៏បានផ្ដាំផ្ញើដល់ស្ត្រី និងក្រុមគ្រួសារសូមឲ្យយកចិត្តទុកដាក់អំពីបញ្ហាសុខភាព និងអាយុជីវិតរបស់ខ្លួន និងកូនដែលទើបតែសម្រាលរួចត្រូវហូបស្អាត ផឹកស្អាត រស់នៅស្អាត។ លោកស្រីបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានយកចិត្តទុកដាក់ ជួយបង្កើតកូនដល់ស្ត្រីដោយសុវត្ថិភាព។

ក្នុងការចុះសួរសុខទុក្ខលោកស្រី ហុងផានី ងួនរតនៈ និងក្រុមការងារបានផ្ដល់ថវិកាចំនួន២លាន៥០ម៉ឺនរៀល ផ្ដល់ជូនស្ត្រីដែលឆ្លងទន្លេ ចំនួន១០នាក់ក្នុងម្នាក់ ៣ម៉ឺនរៀល និងផ្ដល់ជូនក្រុមគ្រូពេទ្យចំនួន ៥០ម៉ឺនរៀលផងដែរ។

គួរបញ្ជាក់ថា ស្ត្រីដែលឆ្លងទន្លេកូនភ្លោះ៣នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានឈ្មោះ ខេន ឡុងនី អាយុ ២៨ឆ្នាំ ប្ដីឈ្មោះញ៉ សុក អាយុ ៣៣ឆ្នាំ រស់នៅភូមិព្រែកស្បូវ សង្កាត់អូរកន្ធរ ក្រុងស្ទឹងសែនខេត្តកំពង់ធំ។ ដោយឡែកកូនទាំង៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប ដោយសារសុខភាពខ្សោយ៕