(រតនគិរី)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ អភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងអនុប្រធានមន្ទីរ និងនាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី។

ក្នុងឱកាសនេះលោកអភិបាលខេត្តរតនគិរី បានរំលឹក និងណែនាំដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់នៅ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តរក្សាស្មារតីសាមគ្គីភាពផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរឲ្យបានល្អ។

លោកលើកទឹកចិត្ត និងណែនាំឲ្យបណ្តុះបណ្តាលបន្ថែមលើសមត្ថភាពការងារជំនាញឲ្យទាន់សភាពការណ៍វិវត្តន៍រីកចម្រើននៃបច្ចេកវិទ្យា។ ត្រូវបន្តជំរុញការផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ការចាក់ថ្នាំការពារសត្វ និងការធ្វើបង្ហាញដល់កសិករព្រមទាំងបន្តអនុវត្ត និងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋសហគមន៍នូវច្បាប់ដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។ ជាពិសេសត្រូវខិតខំរៀនសូត្រដើម្បីបង្កើនសមត្ថភាពការងារជំនាញ និងមានទំនាក់ទំនងជាមួយសមត្ថកិច្ច ពាក់ព័ន្ធនិងកិច្ចសហការល្អក្នុងការទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសព្រៃឈើ ការដឹកជញ្ជូនឈើ គ្មានច្បាប់អនុញ្ញាត និងការប្រើប្រាស់នូវឧបរករណ៍នេសាទខុសច្បាប់ជាដើម។

សូមបញ្ជាក់ថា លោក ញឹម គឹមជាង ត្រូវបានប្រកាសចូលកាន់មុខតំណែងជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តរតនគិរី ជំនួសលោក ឆឹង សុខុន ដែលត្រូវបានចូលនិវត្តន៍។ ចំណែកឯលោក លី សុផានត្រូវបានប្រកាសជានាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ត៕