(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានទទួលអង្ករចំនួន ៥តោន ដែលជាអំណោយរបស់លោក លី ដូនី នាយកក្រុមហ៊ុនឆ្នោតឡូតូ ភីអេចវីស៊ីធី អេ ២-៨៨៨ ឯក និងលោកស្រី លី ហួរ កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ដើម្បីទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានភូមិឃុំ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ទុកថា ការផ្តល់អង្កររបស់ក្រុមហ៊ុននៅពេលនេះ ពិតជាមានតម្លៃ និងឆ្លើយតបបានទាន់ពេលវេលា សម្រាប់យកទៅចែកជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតតាមមូលដ្ឋាន តាមភូមិឃុំក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលលោកជាប្រធានក្រុមការងារគណបក្សប្រជាជនចុះជួយទីនោះ ដូច្នេះអំណោយទាំងអស់នេះ គឺពិតជាទាន់ពេលវេលា ក្នុងការជួយប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានសំដែងនូវការអរគុណចំពោះលោក លី ដូនី នាយកក្រុមហ៊ុន និងលោកស្រី លី ហួរ ដែលបាននាំយកនូវអំណោយជាអង្ករចំនួន ៥តោន មកជូនដល់ក្រសួងព័ត៌មាននាឱកាសនេះ ទុកសម្រាប់យកទៅចែកជូនដល់ បងប្អូន ដែលជួបការលំបាកខ្វះខាត និងរងគ្រោះដោយគ្រោះធម្មជាតិផ្សេងៗក្នុងតំបន់ស្រុកកោះសូទិន។

លោក លី ដូនី បានជម្រាបជូនថា ដោយមើលឃើញពីសកម្មភាពការងារមនុស្សធម៌របស់លោក រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកស្រី ដែលជានិច្ចកាលតែងតែនាំយកនូវអំណោយជាស្បៀងអាហារ សំភារៈបរិក្ខា និងថវិកា ចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ និងកុមារកំព្រា កុមារពិការ គ ថ្លង់ ជាច្រើនកន្លែង ទើបក្រុមហ៊ុន ឆ្នោតឡូតូ របស់លោក បាននាំយកអង្ករចំនួន ៥តោន មកចូលរួមក្នុងសកម្មភាពការងារមនុស្សធម៍របស់លោករដ្ឋមន្រ្តី និងលោកស្រី។

នាយកក្រុមហ៊ុនបានលើកឡើងថា នេះជាការចូលរួមចំណែករបស់ក្រុមហ៊ុន សម្រាប់ជួយដល់ប្រជាពលរដ្ឋតាមមូលដ្ឋានរយៈលោករដ្ឋមន្រ្តី ពីព្រោះថាសព្វថ្ងៃនេះ ប្រទេសកម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានធ្វើឲ្យសង្គមជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍ ហើយបើកឱកាសឲ្យអ្នកវិនិយោគគិន និងក្រុមហ៊ុននានាអាចរកស៊ីបាន។ ហេតុដូច្នេះហើយ ក្រោយទទួលបានការចំណេញមួយផ្នែកណានោះ ក្រុមហ៊ុនក៏បានមើលឃើញពីការបរិច្ចាគធនធានរបស់ខ្លួន ជួយដល់រាជរដ្ឋាភិបាលវិញ សម្រាប់យកទៅចែកជូនបន្តដល់ប្រជាពលរដ្ឋរបស់យើងនៅតាមមូលដ្ឋាន។

លោកប្រធានក្រុមហ៊ុន បានជម្រាបជូនពីសកម្មភាពការងារអាជីវកម្មរបស់ ឆ្នោតឡូតូ ភីអេចវីស៊ីធី ដែលបានបង្កើតឡើងដោយស្របច្បាប់នៅក្នុងប្រទេសកម្ពុជា រយៈពេលជិត ២ឆ្នាំមកហើយ តាមរយៈការផ្តល់អាជ្ញាបណ្ណ ៥ឆ្នាំ ហើយដំណើរការអាជីវកម្មបានធ្វើការបង់ពន្ធត្រឹមត្រូវ និងមានចំណូលចូលរដ្ឋ៕