(ក្រចេះ)៖ លោក ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល​ តំណាងលោកបណ្ឌិត​ ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំប្រតិភូផ្នែកឃោសនាអប់រំសួរសុខទុក្ខលោក នូ ភឿង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ស្ថិតនៅសង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣។

លោក ចាយ បូរិន បានផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ប្រធានគណបក្ស សម្តេចចក្រីប្រធានកិត្តិយសគណបក្ស សម្តេច លោកជំទាវ អនុប្រធានគណបក្ស ឯកឧត្តម លោកជំទាវ ដែលជាថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ រួមជាមួយលោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះ លោក​ នូ ភឿង និងក្រុមគ្រួសារ។

លោក​ នូ ភឿង មានក្តីក្តួលក្តួល និងអរគុណជាអនេកព្រមទាំងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចពញាចក្រី ហេង សំរិន សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សម្តេច លោក លោកស្រី ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ជាពិសេសលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានចាត់លោក ចាយ បូរិន ជាតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខ ឯកឧត្តមនិងក្រុមគ្រួសារដល់លំនៅដ្ឋាន។

លោកក៏បានសម្ដែងក្តីពេញចិត្តយ៉ាងខ្លាំង ចំពោះសកម្មភាពសួរសុខទុក្ខរបស់យុវជនគណបក្សថ្នាក់កណ្ដាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហ៊ុន ម៉ាណែត​ ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ ជីវភាពរស់នៅផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនដល់ឥស្សរជនស្នេហាជាតិ ចាស់ព្រឹទ្ធាចារ្យ ទំាងអស់ដែលមានគុណបំណាច់ចំពោះគណបក្ស និងប្រទេសជាតិ។

លោកបានរៀបរាប់ពីប្រវត្តិការងារថា ក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ បានចូលបម្រើការងារជាអនុប្រធាន ជាប្រធានមន្ទីរផែនការ ជាអនុប្រធាន ជាប្រធានគណ:កម្មាធិការប្រជាជនខេត្តក្រចេះ ជាអភិបាលនៃគណ:អភិបាល ខេត្តក្រចេះ អាណត្តិទី១ ជាអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ អាណត្តិទី២ ជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមប្រឹក្សាខេត្តក្រចេះ និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល។

លោកក៏បានបញ្ជាក់ពីការគាំទ្ររបស់លោក និងក្រុមគ្រួសារ ចំពោះបេក្ខភាពសម្តេចតេជោ ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងអាណត្តិបន្តបន្ទាប់ទៀត និងគាំទ្រលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្រ្តីបន្តវេន។ លោកក៏បានរំលឹកថាយុវជនគណបក្សទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តភារកិច្ច សំខាន់បី គឺបន្តថែរក្សាសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុន កសាងសមិទ្ធផលវិជ្ជមានថ្មីៗបន្ថែមទៀត ក្នុងពេលបច្ចុប្បន្ន និងរៀបចំមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់អ្នកជំនាន់ក្រោយ។

ដូចប្រសាសន៍សម្តេចតេជោប្រធានគណបក្សថា កាលៈទេសៈណាក៏ដោយគណបក្សប្រជាជនកម្ពុជា ត្រូវតែឈ្នះ ហើយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ខាងមុខនេះ​ ក៏ត្រូវតែឈ្នះដើម្បីបន្តដឹកនាំប្រទេស ថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាបន្តទៀត។

ក្នុងឱកាសដ៏មានអត្ថន័យនេះដែរ លោក ចាយ បូរិន និងលោក ទួន យ៉ាត ព្រមទាំងសមាជិក សមាជិកា ប្រតិភូបានប្រគល់ជូនវត្ថុអនុស្សារីយ៍និងថវិកា ជាអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់លោក នូ ភឿង និងជូនពរដល់លោកមានសុខភាពល្អ កម្លាំងមាំមួន និងមានជន្មាយុយឺនយូរ៕