(ភ្នំពេញ)៖ លោកគង់ គាំ អ្នកនយោបាយវិលក្បុង ម្តងលិច ម្តងកើត ចាស់ហើយគ្រប់គ្រងអារម្មណ៍ខ្លួនឯងមិនបាន ចេះតែរមាស់មាត់ និយាយប៉ាតណាប៉ាតណី ទីបំផុតត្រូវបានលោក ហ៊ុន សែន ដែលជាអតីត រដ្ធមន្ត្រីការបរទេស ហើយជាមេផ្ទាល់របស់ខ្លួននិងក៍ជាអ្នកជួយចូកជួយចែវទំនុកបំរុងនិងលើក ដំកើងបានធ្វើរហូត ដល់រដ្ធមន្ត្រី ប្រកាសដកហូតដីនិងផ្ទះទុកជាសម្បត្តិរបស់ក្រសួងការបរទេសវិញ។

លោកតា គង់ គាំ ទន្ទិញយ៉ាងរត់មាត់ ទ្រឹស្តីថា «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែគឺ លោកតាគង់ គាំខ្លួន ឯងនេះហើយដែលផឹកទឹកភ្លេចប្រភព ហើយទីបំផុត បាបកម្មតាមលងយ៉ាងទាន់ហន់។

សាធារណជនទូទៅ ភាគច្រើនក៏បានដឹង ដែរថា លោកតា គង់ គាំ មានដីមួយ ឡូតិ៍យ៉ាងធំនៅផ្លូវ សុធារស ជិតវត្តស្វាយពពែ គឺជាដីរបស់ក្រសួងការបរទេសដែលកាលណោះមានលោក ហ៊ុន សែន ជារដ្ឋមន្ត្រីការបរទេស ដែលលោកអាណិត លោក គង់ គាំ ហើយក៍បានអនុញ្ញាតឲ្យរស់នៅទីនោះរហូតមកដល់បច្ចុប្បន្ន។ នេះគឺជាគុណការៈដ៏ធំធេង របស់លោក ហ៊ុន សែនចំពោះលោក គង់ គាំ និងក្រុមគ្រួសារពីព្រោះ សូមកុំភ្លេចថា «ដីនោះជាតំបន់ ត្រូវប៉ាន់ មានតម្លៃ ខ្ពស់ដែលអនុញ្ញាត ឲ្យគ្រួសារលោកតា គង់ គាំ រស់បាន យ៉ាងស្រួល»

ប៉ុន្តែលោកតា គង់ គាំ បានបង្ហាញនូវភាពរមិលគុណចំពោះលោក ហ៊ុន សែន និង គណបក្សប្រជាជន យ៉ាងកំរោល ដោយយកទីតាំងនោះទៅធ្វើជាទីស្នាក់ការគណបក្សសម រង្ស៊ី ដើម្បីប្រឆាំង រដ្ឋាភិបាលដឹកនាំដោយលោកហ៊ុន សែន យ៉ាងចំហរ។ គេនៅចាំបានថា កាលណោះ ដីរបស់ លោកតា គង់ គាំ មិនត្រឹមតែជាទីស្នាក់ការ បក្សប្រឆាំង ប៉ុណ្ណោះទេ ប៉ុន្តែគឺ ជាកន្លែងប្រមូលផ្តុំដោយក្រុមជ្រុលនិយម និងអ្នកស៊ី ឈ្នួលធ្វើបាតុកម្មយ៉ាងច្រើនកុះករ។

ពួកគេបានមករស់ នៅទីនោះជាប្រចាំហើយត្រូវបាន គណបក្សប្រឆាំងមួយនេះចិញ្ចឹមនិងប្រើប្រាស់ដើម្បី វាយប្រហារ ជេរ ប្រទិចរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាដែលមានលោក ហ៊ុន សែន ជាប្រធាន។ សកម្មភាពបែបនេះ បានកើតឡើងជារៀងរាល់ថ្ងៃនៅលើ ដីរបស់លោកតា គង់ គាំ ដែលលោក ហ៊ុន សែន បាន អនុញ្ញាតឲ្យស្នាក់នៅបណ្តោះ អាសន្ន។ អាចនិយាយបានថា ពេលនោះ ដីរបស់លោកតា គង់ គាំ គឺ ជាទីតាំងប្រមូលផ្តុំរបស់ក្រុមប្រឆាំងជ្រុលនិយមដើម្បីបើកសមរភូមិវាយប្រហារទៅលើ រដ្ឋាភិបាលដឹកនាំដោយលោក ហ៊ុន សែន យ៉ាងក្តៅគគុក។

ទោះជាយ៉ាងនេះក៏ ដោយ ក៏មហាជន ទូទៅនៅតែឃើញលោក ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយដែលមានព្រហ្មវិហារធម៌ចំពោះអតីតកូនចៅ នៅតែបន្តអនុញ្ញាត ឲ្យលោកតា គង់ គាំ ស្នាក់នៅទីនោះដដែលរហូតដល់ បច្ចុប្បន្ន។

ប៉ុន្តែភាពរមិលគុណនិងភ្លេចកំណើតរបស់លោកតា គង់ គាំ បានធ្វើឲ្យអ្នកនយោបាយ វិលក្បុងរូបនេះបន្តភាពគឃ្លើនរបស់ខ្លួន ដោយងាកមកខាំគណបក្សប្រជាជននិងលោក ហ៊ុន សែន ដែលជាអ្នកមានគុណរបស់ខ្លួនឥតឈប់ឈរ។ អ្នកដែលបានស្តាប់សម្តីលោក គង់ គាំ ក្នុងពេលឃោសនា ប្រាកដជាឈឺចាប់ជំនួសលោក ហ៊ុន សែន យ៉ាងខ្លាំង និងឈឺចាប់លើសពី លោក ហ៊ុន សែន ១០០ ដងទៅទៀត។

តាមពិត មានមនុស្ស ជាច្រើនហើយដែលគិតថា លោកតា គង់ គាំ មិនស័ក្តិសមនឹងទទួលបាននូវក្តី សណ្តោសប្រណីពី លោក ហ៊ុន សែន បែបនេះនោះទេពីព្រោះ អ្នកនយោបាយ ចាស់វស្សាតែ ខួរស្រាលរូបនេះមានសារជាតិជា សត្វក្រពើមិនអាចកែបានឡើយ។ ពេលនិយាយឃោសនាម្តងៗ លោកតា គង់ គាំ ធ្វើឬកឡូយណាស់ សុទ្ធតែ «ផឹកទឹកកុំភ្លេចប្រភព» ប៉ុន្តែ «ខ្លួនឯងវិញ ផឹកទឹក រួចហើយបែរជាចង់កាយដីលុបត្រពាំង ដែលខ្លួនបានផឹកនោះចោលយ៉ាងកំរោលបំផុត»

ឥឡូវនេះ កម្មបានតាមលងលោកតា គង់ គាំ យ៉ាងទាន់ហន់ហើយ។ នៅយប់មិញថ្ងៃ ទី១១ មករា ២០២៣ លោក នាយក រដ្ធមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាអ្នកផ្តល់កំណើតនិងផ្តល់អ្វីៗគ្រប់យ៉ាងឲ្យលោកតា គង់ គាំ បាន អនុញ្ញាតឲ្យក្រសួងការបរទេសទាមទារ យកដីដែលលោកគង់ គាំ កំពុងរស់នៅ បណ្តោះអាសន្ននោះមកធ្វើជាកម្មសិទ្ធិរបស់ក្រសួងវិញ។

មតិយោបល Comment ដែល បានចូលក្នុងផេក ហ្វេសប៊ុករបស់ លោក ហ៊ុន សែនពាក់ព័ន្ធនឹងចំណាត់ការនេះបានធ្វើការ សាទរយ៉ាងខ្លាំង ពីមហាជន គ្រប់មជ្ឈដ្ឋាន ពីសំណាក់អ្នកគាំទ្រគណបក្សប្រជាជន កម្ពុជានិងអ្នកស្រឡាញ់យុត្តិធម៌ ពីព្រោះទង្វើរបស់លោកគង់ គាំ ពិតជា បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិមនុស្សភ្លេចកំណើត រមិលគុណ និងភាពក្រឡិចក្រឡុចដែល ពិបាកទទួលយកនិងអនុគ្រោះអត់អោនអោយបានឡើយ កុំថាឡើយតែអ្នក គាំទ្រគណបក្ស ប្រជាជនកម្ពុជា សូម្បីអ្នកគាំទ្រក្រុមប្រឆាំងក៏មិនពេញចិត្តនិងមិនទុកចិត្តលោក គង់ គាំ ដែរពីព្រោះតែគេបាន ស្គាល់សារជាតិ របស់គាត់អស់ទៅ ហើយ។

ដូច្នេះនៅទីបំផុត មនុស្សរមិលគុណដូចលោក គង់ គាំ ត្រូវតែជួបស្ថានភាព «ប្រាក់ក៏បង់ ថង់ក៏ដាច» ដោយសារ តែបាបកម្ម «ផឹកទឹក ភ្លេចប្រភព»

ចាប់ពីពេលនេះ តទៅ លោក គង់ គាំ នឹងទទួលបានមេរៀនពីនយោបាយរមិលគុណរបស់ខ្លួនហើយនេះក៏ជាមេរៀនសម្រាប់ក្រុមប្រឆាំងជ្រុលនិយមផ្សេងៗ ទៀតដែរដែលត្រូវរៀនសូត្រពីព្រោះនយោបាយញុះញង់ បង្កការបែកបាក់ក្នុងសង្គមពិតជាមិនផ្តល់ផលល្អនោះឡើយ។ បទពិសោធន៍ដែលគេទាញចេញ បានពីបញ្ហានេះគឺ ពីពេលនេះតទៅ អ្នកនយោបាយខ្មែរគួរតែរៀនពីរបៀបធ្វើនយោបាយថ្មីពោលគឺធ្វើនយោបាយតាមរយៈការប្រកួតគ្នាដោយបង្ហាញ សមត្ថភាពនិងគោលនយោបាយដើម្បីទាក់ទាញអ្នកបោះឆ្នោត។

ចំណែកនយោបាយញុះញង់ វាយប្រហារ ចោទប្រកាន់ លាបពណ៍ដុតបញ្ឆេះកំហឹង ពលរដ្ឋដែលនាំដល់ភាពប្រះឆាក្នុងសង្គម គ្មានទីតាំងឈរជើងទៀតឡើយនៅក្នុងសង្គមខ្មែរហើយតួអង្គលោកតា គង់ គាំ គឺជាគំរូស្រាប់៕

ដោយ៖ អ្នកនយោបាយតុកាហ្វេ