(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ក្រោយពេលអនុវត្តយុទ្ធសាស្ត្រថ្មី ក្នុងការប្រមូលសំរាមក្នុងក្រុងកំពង់ចាម អស់រយៈពេលជាង១០ថ្ងៃ កន្លងមកនេះ ឃើញថា ទាក់ទងទៅនឹងការប្រមូលថ្លៃសេវា ក្រុមការងារជួបបញ្ហាខ្លះៗ ចំពោះផ្ទះដែលធ្វើអាជីវកម្ម ដោយឡែកចំពោះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ មិនមានបញ្ហានោះទេ។

លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៤៤ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្ត នៅសាលាខេត្តកំពង់ចាម។

លោកអភិបាលខេត្ត បានឲ្យដឹងទៀតថា ក្នុងដំណើរការសាកល្បង រយៈពេល ៦ ខែ នៃការអនុវត្តគោលការណ៍ថ្មី ដើម្បីការងារប្រមូលសំរាម របស់ក្រុមហ៊ុនស៊ិនទ្រី ក្នុងក្រុងកំពង់ចាម មកដល់ពេលនេះគឺរយ:ពេលជាង១០ ហើយឃើញថាក្រុមការងារ បានជួបបញ្ហាខ្លះៗ ទាក់ទងការប្រមូលថ្លៃសេវា ជាមួយផ្ទះប្រជាពលរដ្ឋ ដែលធ្វើអាជីវកម្ម ដូចជាផ្ទះបើកអាហារដ្ឋាន ភោជនីយដ្ឋាន និងឃ្លាំង ក្រុមហ៊ុន ធនាគារ ជាដើម។

លោកអភិបាលខេត្ត បានបន្តថា យុទ្ធសាស្ត្រថ្មីនេះ គឺតម្រូវឲ្យក្រុមហ៊ុនសិនទ្រី ប្រមូលសំរាមក្នុងក្រុងកំពង់ចាម យកមកថ្លឹងគីឡូគិតលុយពីរដ្ឋបាលក្រុងកំពង់ចាម ដោយ ១តោន តម្លៃ ១៧ដុល្លារអាមេរិក។ មានក្រុមហ៊ុនមួយទៀត ជាអ្នកប្រមូលថ្លៃសេវាពីប្រជាពលរដ្ឋ ប្រគល់ថវិកាឲ្យរដ្ឋបាលក្រុងកំពង់ចាម សម្រាប់ទូទាត់ជាមួយក្រុមហ៊ុនស៊ិនទ្រី ដោយអនុវត្តទៅតាមតារាងកំណត់តម្លៃរបស់ក្រសួងបរិស្ថាន។

លោកអភិបាលខេត្ត បានបន្តទៀតថា ក្នុងការអនុវត្តគោលការណ៍ថ្មីនេះ អាជ្ញាធរខេត្ត បានមើលឃើញនូវបញ្ហា ជាមួយផ្ទះប្រជាពលរដ្ឋដែលប្រកបមុខរបរធ្វើអាជីវកម្ម និងបានធ្វើការដោះស្រាយទាំងនោះជាបណ្ដើរៗហើយផងដែរ។ ជាមួយគ្នានេះ រដ្ឋបាលក្រុងកំពង់ចាម ក៏បានបើកទូលាយដល់ប្រជាពលរដ្ឋ បើពិនិត្យឃើញថា ផ្ទះរបស់ខ្លួន ត្រូវបង់ថ្លៃសេវាមានកម្រិតខ្ពស់ មកពិភាក្សា ដើម្បីដោះស្រាយនៅសាលាក្រុងកំពង់ចាម។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ការងារប្រមូលសំរាមនេះ ត្រូវបានបែងចែកក្រុមការងារ ជា៣ក្រុម ដោយក្នុងនោះ៖

* ក្រុមទី១៖ គឺក្រុមការងារតាមដាននិងត្រួតពិនិត្យការប្រមូលសំរាម របស់ក្រុមហ៊ុនស៊ីនទ្រី។

* ក្រុមទី២៖ គឺក្រុមការងារគ្រប់គ្រង និងប្រមូលចំណូល ដើម្បីទូទាត់ថ្លៃសំរាម ឱ្យទៅក្រុមហ៊ុនស៊ិនទ្រី ក្នុង១តោន តម្លៃ ១៧ដុល្លារអាមេរិក។

* ក្រុមទី៣៖ គឺក្រុមការងារដោះស្រាយវិវាទ និងសំណូមពររបស់ប្រជាពលរដ្ឋ។

ពាក់ព័ន្ធទៅនឹងការអនុវត្តគោលការណ៍ថ្មី ក្នុងការប្រមូលសម្រាមក្នុងក្រុងកំពង់ចាមនេះផងដែរ លោក ប៉ុង យ៉េន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានឱ្យដឹងផងដែរថា តាមការស្ទង់មតិរបស់ប្រជាពលរដ្ឋ គឺពួកគាត់មានការសាទរ ចំពោះយុទ្ធសាស្ត្រនេះ ដោយហេតុថា មួយរយៈនេះ ឃើញថាក្រុមហ៊ុនស៊ិនទ្រី ធ្វើការប្រមូលសំរាមបានឆាប់រហ័ស ដោយមិនមានសំរាមសល់ទុកយូរ ស្អុយរលួយ តាមមុខផ្ទះដូចពីមុនទៀតទេ៕