(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យប្រតិភូការិយាល័យក្រសួងការបរទេសសហរដ្ឋអាមេរិក (The US State Department's Office of the Global AIDS Coordinator, SGAC) អញ្ជើញជួបពិភាក្សាការងារ ​ក្នុងគោលបំណង ដើម្បីស្វែងយល់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍នៅកម្ពុជា នៅសាលប្រជុំអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍។

ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី អៀង មូលី បានជម្រាបជូនប្រតិភូអំពីតួនាទីអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំការងារបង្ការឆ្លើយតបមេរោកអេដស៍ និងជំងឺអេដស៍ ជាលក្ខណៈពហុវិស័យ។ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ មានរចនាសម្ព័ន្ធ នៅថ្នាក់ជាតិ មានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួង ស្ថាប័ន នៅថ្នាក់ក្រោមជាតិមាន គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍រាជធានី-ខេត្ត គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រុង ស្រុក ខណ្ឌ និងគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ឃុំ សង្កាត់។

តាមរយៈផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ និងលិខិតលេខ ២១៣ សជណ.សស ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អំពីការដាក់វិធានការទាក់ទងនឹងការឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍ របស់ទីស្តីការគណៈរដ្ឋមន្រ្តី អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បាន និងកំពុងដឹកនាំការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍យ៉ាងសកម្ម ដោយអនុវត្តនូវគោលការណ៍បីមួយ៖ ផែនការយុទ្ធសាស្ត្រតែមួយ ស្ថាប័នដឹកនាំសម្របសម្រួលតែមួយ និងប្រព័ន្ធតាមដាន ត្រួតពិនិត្យវាយតម្លៃតតែមួយ។

ថ្មីៗនេះ ក្នុងឆន្ទៈមោះមុតឆ្ពោះទៅបញ្ចប់អេដស៍ជាការគំរាមកំហែង ដល់សុខភាពសាធារណៈនៅឆ្នាំ២០២៥ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានសម្រេចជូនអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រៀបចំ គោលនយោបាយលុបបំបាត់ជំងឺអេដស៍នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ដោយមានសមាសភាពពីចូលរួមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការ UNAIDS ប្រចាំប្រទេសកម្ពុជា ជាទីប្រឹក្សា។

លោកទេសរដ្ឋមន្ត្រីបានថ្លែងឲ្យដឹងទៀតថា ប្រទេសកម្ពុជា ក្រោមមគ្គុសទេសភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងការចូលរួមពីពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអង្គការពាក់ព័ន្ធ និងអ្នករងគ្រោះ ប្រទេសកម្ពុជាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ តាមរយៈការទទួលស្គាល់ពីអង្គការសហប្រជាជាតិ។ ក្នុងឆ្នាំ២០២១ ប្រទេសកម្ពុជា សម្រេចបានគោលដៅទី១ (៨៤%) គោលដៅទី២ (១០០%) និងគោលដៅទី៣ (៩៧%) នៃគោលដៅ ៩៥ ៩៥ ៩៥ ដែលបានកំណត់សម្រេចឲ្យបានក្នុងឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមថា អ្វីដែលកម្ពុជាកំពុងប្រឹងប្រែង គឺការធ្វើឲ្យសម្រេចបានគោលដៅទី១ ដែលពេលនេះ ទើបសម្រេចបាន៨៤% នៅឆ្ងាយពីគោលដៅដែលបានកំណត់។ ជាយុទ្ធសាស្ត្រ គឺជំរុញការស្វែងរកអ្នកដែលមិនទាន់ដឹងខ្លួន និងមកធ្វើតេស្តរកមេរោគអេដស៍ចំនួនប្រមាណ១០.០០០នាក់។ កិច្ចការនេះ ទាមទារឲ្យយើងប្រឹងប្រែងរួមគ្នាបន្តទៀត ក្នុងការការងារបង្ការ ការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់មធ្យោបាយ ដើម្បីឲ្យពួកគេយល់ និងអញ្ជើញទៅធ្វើតេស្តរកមេរោគអេដស៍ និងទទួលបានការព្យាបាល ថែទាំទាន់ពេលវេលា។
កិច្ចការដែលជាអាទិភាពមួយទៀត គឺការកាត់បន្ថយការឆ្លងថ្មីនៃមេរោគអេដស៍ ដែលកំពុងកើនឡើងក្នុងចំណោមប្រជាជនគន្លឹះវ័យក្មេង (Young Key Populations) ដែលរួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុមស្ត្រីបំប្លែងភេទ ក្រុមស្តី្របម្រើក្នុងសេវាកំសាន្ត ក្រុមប្រើប្រាស់គ្រឿងញៀន។

រាជរដ្ឋាភិបាល បានបង្កើនថវិកាជារៀងរាល់ឆ្នាំ ដើម្បីឆ្លើយតបទៅនឹងការធ្លាក់ចុះនៃថវិកាជំនួយពីខាងក្រៅ លើការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍។ ចាប់ពីឆ្នាំ២០២៣-២០២៥ រាជរដ្ឋាភិបាលបានអនុម័តផ្តល់ថវិកាបន្ថែម ចំនួន៥លានដុល្លារអាមេរិកក្នុងមួយឆ្នាំ សម្រាប់ការងារអេដស៍ នៅក្នុងប្រទេសកម្ពុជា។ បន្ថែមលើនេះ រាជរដ្ឋាភិបាល តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវិភាជន៍ថវិកាដល់ខេត្តចំនួន១៥ សម្រាប់ការងារឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ នៅមូលដ្ឋានផ្ទាល់៕