(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣នេះ ចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនជាប់ចោទឈ្មោះ ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ក្រសួងសង្គមកិច្ច នៅមណ្ឌលអប់រំ (PJ) ជាបណ្តោះអាសន្ន ក្រោយចោទប្រកាន់កិបកេងថវិការដ្ឋ និងប្រាក់របបគោលនយោបាយជនពិការជាង៣៨ម៉ឺនដុល្លារ។

ភ្នាក់ងារព័ត៌មាន Fresh News បានដកស្រង់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញថា ជនត្រូវចោទរូបនេះ ត្រូវបានចោទប្រកាន់ពី «ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់» តាមមាត្រា​៥៩៧​ និងមាត្រា​ ៥៩៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​ មាត្រា​ ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ​ និងមាត្រា​ ៣៨​ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់​ និងហិរញ្ញប្បទានភេរវកម្ម​។

លោក ឡាយ សំណាង អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាអ្នកភ្នាក់ងាររបស់ក្រសួងដើម្បីទៅបើកប្រាក់ពីធនាគារ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួនហើយ ពាក់ព័ន្ធនឹងការកិបគេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយ សម្រេចបញ្ជូនជនសង្ស័យ ឈ្មោះ ឡាយ សំណាង ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ​ នៅថ្ងៃទី១១ ខែមករានេះ ករណីកិបគេងថវិការដ្ឋជាង១,៥០០ លានរៀល (ជាង៣៨ម៉ឺនដុល្លារ) ក្នុងនោះមានទាំងការកិបគេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត៤ពាន់នាក់ផងដែរ៕