(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់ទូទាំងខេត្ត បានជម្រាបជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួន ដែលអាចប្រឈមនឹងបញ្ហាគ្រោះថ្នាក់ដោយជំនន់ទឹកភ្លៀង សូមមេត្តាប្រុងប្រយ័ត្ន ដោយសារតែ បច្ចុប្បន្នស្ថានភាពទឹកភ្លៀងកំពុងតែបន្តធ្លាក់ចុះយ៉ាងខ្លាំងនៅតំបន់មួយចំនួននៃខេត្តកំពង់ស្ពឺ។

ចំពោះបញ្ហាប្រឈមនេះ អភិបាលខេត្ដ សូមអំពាវនាវដល់អាជ្ញាធរកងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ មេត្តាជួយសម្របសម្រួលជូនប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈនានា ក៏ដូចជាតំបន់មួយចំនួន ដែលត្រៀមនឹងជន់លិចដោយសារភ្លៀង រួចហើយជម្លៀសពួកគាត់ទៅកាន់ទីទួលសុវត្ថិភាព ដើម្បីធានាឲ្យបាននូវសុខទុក្ខរបស់ពួកគាត់។

លោកអភិបាលខេត្ត បន្តថា «នៅពេលនេះ មេឃកំពុងតែធ្នាក់ភ្លៀងយ៉ាងធ្ងន់ធ្ងរមកលើភូមិសាស្ត្រនៃខេត្តកំពង់ស្ពឺ ជាពិសេសតំបន់មួយចំនួននៃស្រុកឱរ៉ាល់ និងស្រុកភ្នំស្រួច ដែលបណ្តាលឲ្យលិចទឹកផ្លូវ និងតំបន់ចំការ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ហើយអាជ្ញាធររបស់យើងត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋទាន់ពេលវេលា»

អភិបាលខេត្តកំពង់ស្ពឺ បានសង្កត់ធ្ងន់ថា ដោយសារតែការប្រែប្រួល នៃអាកាសធាតុបណ្ដាលឱ្យភ្លៀងធ្លាក់ជាប់ៗគ្នា និងបង្កការជន់លិចផ្នែកខ្លះនៃស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ជាក់ស្ដែងតាំងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅចំណុចភូមិអូរអញ្ចារ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជំនន់ទឹកភ្លៀងបានបង្កឱ្យលិចកំណាត់ផ្លូវលេខ៤៨-៤ ដែលបានកាត់ផ្ដាច់ការធ្វើចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋមួយរយៈ។

លោកបន្តថា «តាមរយៈស្ថានភាពនេះ ខ្ញុំសូមអំពាវនាវដោយទទូច សុំឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ប្រើប្រាស់នូវវិធានការសរុប កម្លាំងសរុប ដើម្បីបញ្ជៀសឲ្យបាននៅគ្រោះថ្នាក់ជាយថាហេតុ និងសូមពុកម៉ែ មា មីងបងប្អូន មេត្តាមានការប្រុងប្រយ័ត្នខ្ពស់ ហើយត្រូវប្រញាប់រាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ក្នុងករណីដែលពុកម៉ែមាមីងបងប្អូនត្រូវការសង្គ្រោះ»