(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឱ្យសាសនាទាំងអស់ នៅកម្ពុជា រួមគ្នាការពារសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងប្រទេស កុំឱ្យធ្លាក់ដុនដាបដូច​ប្រទេសមួយចំនួននៅមជ្ឈមបូព៌ា។ ជាមួយគ្នានេះសម្តេចបានជំរុញឱ្យមេដឹកនាំសាសនាទាំងអស់ មើលបទពិសោធន៍ដ៏អាក្រក់បំផុតនៃបដិវត្តពណ៌ នៅក្នុងប្រទេសទាំងនោះ។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយគ្រិស្តសាសនិកប្រមាណ២ពាន់នាក់ នៅមជ្ឈមណ្ឌលកោះពេជ្រ នាល្ងាចថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦នេះ សម្តេចបានលើកឡើងថា បដិវត្តពណ៌ដែល​កើតឡើងដោយខ្វះសាមគ្គីនៅអ៊ីរ៉ាក់ លីបី ទុយណេស៊ី អេហ្ស៊ីប និងប្រទេសរី ជាដើម បានធ្វើឱ្យមានវិបាកយ៉ាងខ្លាំងសម្រាប់ប្រជាជន និងប្រទេសជាតិ ដែលនេះជាកំហុស​របស់អ្នកនិយាយ​រឿងបដិវត្តពណ៌។ សម្តេចថា ប៉ុន្តែពេលនេះអ្នកដែលចូលចិត្តនិយាយរឿងបដិវត្ត បានបាត់បាត់ទៅហើយ ដោយសារតែ បទពិសោធន៍កន្លងមកពុំបានហុចផលប្រយោជន៍ល្អនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវផងដែរ ឱ្យមេដឹកនាំសាសនាទាំង​អស់នៅកម្ពុជា ចេះបង្កើនសុខដុមរមនា​ទាំងអស់គ្នា ហើយកុំឱ្យប្រើមធ្យោបាយ ដើម្បីគៀបសង្កត់ផ្លូវចិត្តពលរដ្ឋ ឱ្យចូលកាន់​សាសនា របស់ខ្លួន ដូចជាកំណត់ថា អ្នកចូលរៀននៅសាលាដែលបង្កើតឡើងដោយគ្រិស្តសាសនា ត្រូវតែកាន់សាសនាគ្រិស្តជាដើម។ សម្តេចថា សាសនាអាចឋិតឋេបាន លុះត្រាតែប្រជាពល​រដ្ឋនៅមានជំនឿដោយគ្មានការបង្ខិតបង្ខំ។ សម្តេចឧទាហរណ៍ថា ប៉ុល ពត បានព្យាយាមកម្ទេចសាសនា តាមរយៈការបំផ្លាញវត្ត វិហារផ្សេងៗ ក៏ប៉ុន្តែក្រោយពេលផ្តួលប៉ុលពត សាសនាទាំងអស់​បានរស់ឡើងវិញ ដោយសារតែប្រជាពលរដ្ឋ នៅតែមានជំនឿលើសាសនា ទើបមិនរលាយ។

សម្តេចតេជោ ក៏បានលើកសរសើរ គណបក្សប្រជាជនកម្ពុជាផងដែរ ដែលមានសមាជិក​កាន់សាសនានានា ស្ទើតែគ្រប់សាសនា ក្នុងនោះមានព្រះពុទ្ធសាសនា សាសនាអ៊ីស្លាម និងគ្រិស្តសាសនា​ជាដើម។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្តេចជាអ្នកកាន់ព្រះពុទ្ធសាសនា ប៉ុន្តែបានចូលរួមស្រាយ​បួសជាមួយ សាសនិកអ៊ីស្លាម និងជួបជុំជាមួយនឹង គ្រិស្តសាសនាថែមទៀត។ សម្តេចថា សម្តេចបានទទួលពរពីព្រះ​ទាំងឡាយ ក្នុងនោះមានទាំងពរ​ពីព្រះពុទ្ធ ព្រះអាល់ឡោះ និងព្រះគ្រិស្តផងដែរ៕

សូមស្តាប់ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន៖