(ភ្នំពេញ)៖ ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ គួរឈប់ដើរតវ៉ាតាមផ្លូវសាធារណៈដែលនាំឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយ និងពិចារណា ទទួលយកដីគោលនយោបាយពីអាជ្ញាធររាជធានីភ្នំពេញ។

នេះបើតាមការអំពាវនាវពីមន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ ខណៈដែលបងប្អូនប្រជាពលរដ្ឋជាង២០គ្រួសារ រស់នៅសំណង់មិនរៀបរយនៅលើផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះ កំពុងតវ៉ានៅចំណុចមុខក្រសួងរៀបចំដែនដី នគររូបនីកម្ម និងសំណង់ ដើម្បីឲ្យពួកគាត់អាចរស់នៅលើទីតាំងចាស់លើផ្លូវលេខ១៥១នេះដដែល។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ថា ប្រជាពលរដ្ឋរស់នៅសំណង់មិនរៀបរយនៅលើចំណីផ្លូវ១៥១ ក្នុងភូមិសំរោងខាងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅនេះមានប្រមាណ១០០ខ្នងផ្ទះ ដែលប៉ះពាល់ ដល់គម្រោងពង្រីក ផ្លូវ១៥១ ឲ្យបានធំទូលាយ ដើម្បីដោះស្រាយការកកស្ទះចរាចរជូនប្រជាពលរដ្ឋ ស្របតាមការរីកចំរើនរបស់រាជធានីភ្នំពេញ។

បើទោះជាបងប្អូនបាននិងកំពុងរស់នៅមិនស្របច្បាប់លើចំណីផ្លូវសាធារណៈណាក្តី ក៏អាជ្ញាធរបានគិតគួររៀបចំដីឡូត៌ស្របច្បាប់ ដែលនៅមិនឆ្ងាយពីទីតាំងចាស់ប្រមាណ១គីឡូម៉ែត្រ លើផ្លូវ១៥១ដដែលជូនពួកគាត់ ដែលក្នុងមួយខ្នងផ្ទះទទួលបានដី១ឡូត៍ ទំហំ ៤,២ម៉ែត្រ គុណ ២០ម៉ែត្រ។

មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ បានបញ្ជាក់ទៀតថា ចំពោះការផ្តល់ជូននេះ ប្រជាពលរដ្ឋ២៨ខ្នងផ្ទះបានយល់ ដឹងនិងឯកភាពទទួលយកដីគោលនយោបាយខាងលើ និងបានចាកចេញពីទីតាំងចាស់ ចូលទៅកាន់កាប់លើទីតាំងដីថ្មីនេះហើយ។

ទោះជាយ៉ាងនេះក្តីក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ដោយសារស្តាប់តាមការញុះញុងពីអង្គការ សង្គមស៊ីវិលមួយចំនួន ទើបបន្តការតវ៉ាជារឿយៗ ដោយមិនព្រមទទួលយកគោលនយោបាយរបស់រដ្ឋបាលរាជធានីភ្នំពេញ នេះឡើយ។

ទន្ទឹមនឹងនេះ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅ សូមអំពាវនាវឲ្យប្រជាពលរដ្ឋពិចារណាឡើងវិញ កុំជឿលើការញុះញុងរបស់គេ ដែលនាំឲ្យខាតបង់ពេលវេលា និងផលប្រយោជន៍របស់បងប្អូនតែប៉ុណ្ណោះ គួរយកតម្រាប់តាមប្រជាពលរដ្ឋដែលបានឯកភាពខាងលើ៕