(ភ្នំពេញ)៖ លោក សៀង ហ៊ី រស់នៅសំណង់អនាធិបតេយ្យ ភូមិតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បានចេញវីដេអូ និងសរសេរលិខិតសុំទោសចំពោះមន្ទីរប្រឆាំងគ្រឿងញៀន និងអគ្គស្នងការនគរបាលជាតិ ក្រោយបង្ហោះព័ត៌មានមិនពិត ដោយចោទកម្លាំងនគរបាលនៅក្នុងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចាប់ និងវាយបងប្រុសរបស់ខ្លួនបណ្តាលឲ្យសន្លប់ និងរបួសធ្ងន់ធ្ងរ។

នៅក្នុងវីដេអូ និងលិខិតសុំទោសរបស់ខ្លួន លោក សៀង ហ៊ី បានបញ្ជាក់ថា មូលហេតុដែលខ្លួនបានបង្ហោះរូបភាព និងព័ត៌មានបែបនេះ ដើម្បីចង់ឲ្យមហាជនចូលមើល និងចូលមកបញ្ចេញយោបល់បានច្រើន ប៉ុន្តែធាតុពិតមិនមានករណីនេះកើតឡើងនោះឡើយ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ មានការចែកចាយតាមបណ្តាញសង្គមហ្វេសបុកជាច្រើន ក្រោយមានការចោទប្រកាន់ថា មានកម្លាំងនគរបាលនៅមន្ទីរប្រឆាំងគ្រឿងញៀន បានចាប់ និងវាយបុរសម្នាក់បណ្តាលឲ្យសន្លប់ និងរបួសយ៉ាងធ្ងន់ធ្ងរ។

ក្រោយទទួលបានព័ត៌មានបែបនេះកើតឡើង នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ ឃីង សារ៉ាត់ ប្រធានមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការស៊ើបអង្កេតជាបន្ទាន់ ដើម្បីរកឲ្យឃើញខុសត្រូវ។ បើនគរបាលខុសពិតមែន ត្រូវដាក់ចាត់វិធានការតាមច្បាប់ មិនលើកលែងឲ្យនោះឡើយ។

ក្រោយទទួលបានបទបញ្ជាភ្លាម លោកឧត្តមសេនីយ៍ ឃឹង សារ៉ាត់ បានធ្វើការស្រាវជ្រាវ រហូតបានជួបអ្នកដែលបង្ហោះព័ត៌មាននេះ។ ក្រោយការជជីកសួរនាំ បុរសរូបនេះក៏បានសារភាពថា ខ្លួនបង្ហោះព័ត៌មាននេះ គឺជាការយល់ច្រឡំ និងដើម្បីចង់ឲ្យគេចូលមើល និងបញ្ចេញយោបល់ច្រើនតែប៉ុណ្ណោះ ធាតុពិតមិនមាននគរបាលណាមកវាយបងប្រុស និងបងថ្លៃស្រីរបស់ខ្លួននោះឡើយ។

នៅក្នុងវីដេអូ និងលិខិតសុំទោសរបស់ខ្លួន លោក សៀង ហ៊ី បានសុំទោសដល់មន្ទីរប្រឆាំងគ្រឿងញៀន និងអគ្គស្នងការនគរបាលជាតិ ដែលបានបង្ហោះព័ត៌មានមិនពិតបែបនេះ និងសូមសន្យាថានឹងមិនធ្វើបែបនេះទៀតឡើយ។

លោក សៀង ហ៊ី បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបាទសុំទោសចំពោះថ្នាក់ដឹកនាំនៅមន្ទីរប្រឆាំងគ្រឿងញៀន និងអគ្គស្នងការនគរបាលជាតិ ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ដែលបានបំផ្លើសការពិត បង្ខូចកិត្តិយសនគរបាលជាតិ។ ខ្ញុំសូមសន្យាថា ថ្ងៃក្រោយខ្ញុំ មិនបង្ហោះសារ និងរូបភាព នាំឲ្យប៉ះពាល់ដល់ស្ថាប័នរដ្ឋ និងអង្គភាពផ្សេងទៀតនោះឡើយ បើសិនមានកំហុសកើតឡើង ខ្ញុំបាទទទួលខុសត្រូវចំពោះមុខច្បាប់»

ខាងក្រោមនេះជាវីដេអូ និងលិខិតសុំទោសរបស់លោក សៀង ហ៊ី៖