(ភ្នំពេញ)៖ លោក Park Byeong-Seug អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានកត់សម្គាល់ថា ប្រទេសកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប្រមាណ ១០ឆ្នាំចុងក្រោយនេះ។ លោក ក៏បានកោតសរសើរចំពោះប៉ិនប្រសប់នៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលនាំកម្ពុជាចេញពីវិបត្តិទាំងឡាយ និងនាំមកនូវវឌ្ឍនភាព និងការរីកចម្រើនស្របតាមបំណងរបស់ប្រជាពលរដ្ឋ។

អតីតប្រធានសភាកូរ៉េខាងត្បូង បានគូសរំលេចបែបនេះ ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានឱ្យដឹងនៅក្រោយជំនួបថា អតីតប្រធានរដ្ឋសភាកូរ៉េខាងត្បូង បានបង្ហាញនូវក្តីរីករាយចំពោះវឌ្ឍនភាពរបស់កម្ពុជា។ អ្វីដែលលោកកាន់តែរីករាយ និងមានមោទនភាពបំផុតនោះ គឺការគឺការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធដោយកម្ពុជា ទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ លោកបានសម្ដែងការអបអរសាទរជូនសម្ដេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ធ្វើឱ្យសម្រេចបានលទ្ធផលដ៏ល្អប្រសើរនេះ។

បើតាមលោក អ៊ាង សុផល្លែត នៅក្នុងក្នុងជំនួបនោះ លោក Park Byeong-Seug ក៏បានជំរាបសម្ដេចតេជោ អំពីជោគជ័យលើការងារសំខាន់ៗចំនួន៣ ដែលសម្តេចតេជោ បានស្នើឱ្យលោកជួយ។ ការងារទាំង៣នោះរួមមាន៖ ទី១)ការផ្ដល់សច្ចាប័ណ្ណលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងកូរ៉េ, ទី២)ការគាំទ្រផ្ដល់ហិរញ្ញប្បទាន សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ និងទី៣)ការបង្កើនកូតាសម្រាប់ពលករកម្ពុជាបានទៅធ្វើការនៅឯប្រទេសកូរ៉េ។

ការងារទាំង៣នេះ សម្រេចចេញជាផ្លែផ្ការួចហើយ។ ក្នុងនោះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានចូលជាធរមាន, ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក៏ត្រូវបានចុះហត្ថលេខាក្នុងការសាងសង់ ហើយកូតាសម្រាប់ការអនុញ្ញាតឱ្យពលករកម្ពុជា បានទៅបម្រើការងារនៅប្រទេសកូរ៉េក៏បានកើនឡើងចំនួន ៤០ភាគរយ។

លោក Park Byeong-Seug ក៏បានជម្រាបសម្តេចតេជោផងដែរថា អ្វីដែលលោក និងប្រតិភូត្រូវធ្វើបន្តទៀតនោះរួមមាន៖ ការជំរុញទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងកូរ៉េ ឱ្យកាន់តែរីកធំធាត់ និងរឹងមាំបន្ថែមទៀត, ស្វែងរកការគាំទ្រជួយដល់កម្ពុជា លើវិស័យដោះមីន និងលើកទឹកចិត្តឱ្យអ្នកវិនិយោគកូរ៉េមកវិនិយោគនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀតដោយផ្ទាល់ ឬតាមរយៈ១+ជាដើម។

សម្រាប់លោក Park Byeong-Seug កម្ពុជាមានកត្តាអនុគ្រោះល្អសម្រាប់ការវិនិយោគ មានដូចជា កម្លាំងយុវជនប្រកបដោយថាមពល និងគុណភាពខ្ពស់, កម្ពុជាប្រើប្រាស់លុយដុល្លារ,កម្ពុជា និងកូរ៉េ មានកិច្ចព្រមព្រៀងគាំពារវិនិយោគ និងពាណិជ្ជកម្មសេរី ជាមួយសក្តានុពលជាច្រើនទៀតដែលមាននៅក្នុងប្រទេសកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក Park Byeong-Seug ចំពោះការវាយតម្លៃលើវឌ្ឍនភាព និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងអរគុណសម្រាប់ការអបអរសាទរចំពោះភាពជោគជ័យក្នុងនាមកម្ពុជាធ្វើជាប្រធានអាស៊ាននាពេលកន្លងទៅថ្មីៗនេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ លោកអតីតប្រធានរដ្ឋសភាកូរ៉េ ដែលបានបំពេញការងារទាំង៣ខាងលើដោយជោគជ័យ តាមសំណើរបស់សម្តេច។ ជាពិសេសការយកចិត្តទុកដាក់ជួយដល់កម្ពុជាថែមទៀតតាមរយៈការជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំឡើង, ការស្វែងរកជំនួយជួយដល់កម្ពុជាក្នុងការដោះមីន និងការជំរុញអ្នកវិនិយោគ កូរ៉េឲ្យមកកាន់កម្ពុជា កាន់តែច្រើនបន្ថែមទៀតនាពេលខាងមុខ តាមរយៈការវិនិយោគដោយផ្ទាល់ និងតាមរយៈការវិនិយោគ១+បូក ជាដើមនោះ៕