(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ជំរុញដល់យុវជនឃុំត្រូវផ្សពផ្សាយគោលនយោបាយ ដល់សមាជិកបក្សនៅតាមមូលដ្ឋាន ខិតខំចុះជួបបងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ឲ្យបានញឹកញាប់ និងសមិទ្ធផលនានា ដែលយើងបានអភិវឌ្ឍកន្លងមក ជូនដល់ប្រជាពលរដ្ឋឱ្យបានជ្រាប និងមានភាពជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ។

ការថ្លែយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាល ជាមួយយុវជនគណបក្សប្រជាជនកម្ពុជានៅឃុំចំណារលើ ស្រុកស្ទោង ឃុំដូង និងឃុំក្រយា ស្រុកប្រាសាទបល្ល័ង្ក ដើម្បីស្វែងយល់អំពីរចនាសម្ព័ន្ធ យុវជននៅក្នុងឃុំ ក៏ដូចជាសកម្មភាពរបស់យុវជន ដែលបានជួយគាំទ្រដល់គណៈកម្មាធិការគណបក្សឃុំ ភូមិ និងជួយពង្រឹងការគ្រប់គ្រងគណបក្សនៅក្នុងមូលដ្ឋានមានភាពល្អប្រសើរ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣។

លោកបន្តទៀតថា យុវជនគណបក្សជាភ្នែកជាច្រមុះ ឲ្យថ្នាក់ដឹកនាំថ្នាក់បក្ស ហើយអាជ្ញាធរដែនដី គឺជាម៉ែឪរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ព្រមទាំងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ ដើម្បីបានស្គាល់គាត់ និងមានឱកាសស្ដាប់នូវការលំបាក សំណូមពរ និងបញ្ហារបស់ពួកគាត់ ដើម្បីទទួលយកបញ្ហា និងសំណូមពរ រកដំណោះស្រាយឲ្យបានទាន់ពេលវេលា។

លោកបានជំរុញដល់ក្រុមការងារយុវជនគណបក្ស ត្រូវពង្រឹងសមាជិកបក្ស និងធ្វើបច្ចុប្បន្នភាពក្រុមបក្ស ការកសាងកម្លាំងបក្សឲ្យមានភាពច្បាស់លាស់ ធ្វើយ៉ាងណាឲ្យសមាជិកគណបក្ស នៅក្នុងមូលដ្ឋានមានការរីកចម្រើន ដោយសមាជិកម្នាក់ ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ ពេលបោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។

គួរបញ្ជាក់ផងដែរថា លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ មកយកអំណោយរបស់បណ្ឌិត ហ៊ុន ម៉ាណែត និងលោកស្រី ចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតចំនួន៣០គ្រួសារ ក្នុង០១គ្រួសារទទួលបាន៖ អង្ករ មី ត្រីខ ទឹកស៉ីអ៊ីវ និងសៀងផងដែរ៕