(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា, មន្ត្រីជាន់ខ្ពស់ក្រុមការងារហិរញ្ញវត្ថុ FATF បានលើកទឹកចិត្តកម្ពុជាឱ្យបន្តធ្វើជាគំរូសម្រាប់ប្រទេសដទៃលើវិស័យហិរញ្ញប្បទានបៃតង។

តាមរយៈជំនួបសម្តែងការគួរសមនាព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ លោកស្រី មី-លីន វ៉ាង (Mei-Lin Wang) មន្ត្រីជាន់ខ្ពស់ផ្នែកវិភាគគោលនយោបាយ នៃលេខាធិការដ្ឋានក្រុមការងារហិរញ្ញវត្ថុ FATF បានសម្តែងនូវសេចក្តីរីករាយ ដែលបានដឹកនាំគណៈប្រតិភូមកកាន់កម្ពុជា។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា ក្នុងជំនួបនោះលោកស្រី ក៏បានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានចាត់វិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ បានជោគជ័យ បើកប្រទេសឡើងវិញ និងបើកសេដ្ឋកិច្ចឡើងវិញ។

លោស្រី មី-លីន ក៏បានគោរពវាយតម្លៃខ្ពស់ ចំពោះការប្តេជ្ញាចិត្តរបស់កម្ពុជា និងលើកទឹកចិត្តកម្ពុជា នាំមុខប្រទេសដទៃទៀត លើវិស័យហិរញ្ញប្បទានបៃតង និងការអភិវឌ្ឍបៃតង។

ជាការឆ្លើយតបសម្តេចតេជោ បានស្វាគមន៍លោកស្រី មី-លីន និងប្រតិភូទាំងមូលចំពោះការទស្សនកិច្ចនៅកម្ពុជា។ សម្តេចតេជោ ក៏បានជម្រាបគណៈប្រតិភូអំពីយុទ្ធសាស្ត្រទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានជម្រាបគណៈប្រតិភូទាំងអំពីគំនិតផ្តួចផ្តើមអភិវឌ្ឍបៃតង ដែលកម្ពុជាដាក់ចេញក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលកន្លងទៅផងដែរ។

សូមបញ្ជាក់ថា FATF (Financial Action Task Force ឬហៅកាត់ថា) ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ១៩៨៩ នៅឯកិច្ចប្រជុំកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ G7 រៀបចំឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ដំបូងឡើយ អង្គការនេះផ្ដោតសំខាន់លើការត្រួតពិនិត្យ និងដាក់ចេញវិធានការនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ។

នៅខែតុលា ឆ្នាំ២០០១ FATF បានពង្រីកដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវករ បន្ថែមពីលើយុទ្ធនាការប្រឆាំងការលាងលុយ។ នៅខែមេសា ឆ្នាំ២០១២ FATF បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុ ដែលចូលរួមចំណែកដល់ការរីកសាយអាវុធប្រល័យលោក។

ចាប់តាំងពីត្រូវបានបង្កើតឡើងមក FATF បានធ្វើប្រតិបត្តិការនៅក្រោមអាណត្តិ ជាក់លាក់មួយ ដែលទាមទារការសម្រេចចិត្តជាពិសេសដោយរដ្ឋមន្ត្រី ដើម្បីបន្តការងាររបស់ខ្លួន។ ៣ទសវត្សរ៍បន្ទាប់ពីការបង្កើត ពោលគឺនៅក្នុងខែមេសា ឆ្នាំ២០១៩ ក្រុមរដ្ឋមន្ត្រី FATF បានអនុម័តអាណត្តិបើកចំហថ្មី ឬមិនកំណត់រយៈពេលសម្រាប់ FATF។

គោលបំណងរបស់ FATF គឺកំណត់ស្តង់ដារ និងលើកកម្ពស់ ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃវិធានការច្បាប់ បទប្បញ្ញត្តិ និងគាំទ្រប្រតិបត្តិការប្រយុទ្ធប្រឆាំងការលាងលុយ ការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវករ រួមទាំងទប់ស្កាប់ការគំរាមកំហែងទាំងឡាយលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

FATF តាមដានវឌ្ឍនភាពរបស់ប្រទេសនានា ក្នុងការអនុវត្តអនុសាសន៍ FATF ពិនិត្យមើលវិធានការប្រយុទ្ធប្រឆាំងការលាងលុយ ការផ្ដល់ហិរញ្ញវត្ថុដល់ភេរវករ និងវិធានការទប់ស្កាត់ ក៏ដូចជាលើកកម្ពស់ការអនុម័ត និងការអនុវត្តអនុសាសន៍ FATF ជាសកល។

បច្ចុប្បន្ន FATF មានសមាជិកពេញសិទ្ធិ ៣៧ប្រទេស និងអង្គការក្នុងតំបន់ចំនួន២ ដែលតំណាងឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗ មកពីជុំវិញពិភពលោក៕