(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសម្របសម្រួល ដោះស្រាយវិវាទដីធ្លីដ៏រ៉ាំរ៉ៃ ក្រៅប្រព័ន្ធតុលាការ ជូនប្រជាពលរដ្ឋ ចំនួន០៣គ្រួសារ ក្នុងភូមិស្នារាជ ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

វិវាទដីធ្លីដ៏រ៉ាំរ៉ៃ បានកើតឡើងរវាងប្រជាពលរដ្ឋ ០៣គ្រួសារ មានលោក ស្វាយ សារ៉ា, លោកយាយ គុំ ឡូយ និងអ្នកស្រី ងួន តាង រស់នៅក្នុងស្រុកភូមិជាមួយគ្នា ដែលមានទំនាស់ដីភូមិ និងដីស្រែនឹងគ្នា រហូតកើតដល់អំពើហិង្សា ប្ដឹងផ្ដល់ដល់សមត្ថកិច្ចឃាត់ខ្លួនកូនប្រុស ដាក់ពន្ធនាគារដល់សព្វថ្ងៃផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ខូយ រីដា បានសំណូមពរឱ្យប្រជាពលរដ្ឋទាំង៣គ្រួសារ ស្រលាញ់រាប់អានគ្នាឡើងវិញ ជាបងប្អូនឈាមជ័រតែមួយ អ្នកភូមិផងរបងជាមួយ ហើយអ្វីៗដែលមានរឿងល្អក់កករនឹងគ្នា ពីមុនមក ត្រូវលុបចោលទាំងអស់ កុំទុកក្នុងចិត្ត និងកុំមានការគុំគួនគ្នាតទៅទៀត ព្រោះយើងជាខ្មែរ រស់ក្នុងសង្គមជាតិតែមួយ ពិសេសរស់ក្រោមដំបូលសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្រោយការសម្របសម្រួល ដោះស្រាយ ភាគីទំនាស់ទាំងសងខាង បានស្រុះស្រួលគ្នា ដកពាក្យបណ្ដឹងចេញពីតុលាការ ដើម្បីបញ្ចប់ទំនាស់ ចាប់ពីពេលនេះតទៅ។ ជាមួយគ្នានោះ ពួកគាត់បានគោរពថ្លែងអំណរគុណ ជូនចំពោះអភិបាលខេត្ត ដែលបានយកចិត្តទុកដាក់ ចំណាយពេលវេលាដ៏មានតម្លៃ ចុះមកសម្របសម្រួល ដោះស្រាយបញ្ចប់ទំនាស់ដ៏រ៉ាំរ៉ៃនេះ និងប្ដេជ្ញាគាំទ្រគោលនយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន ជារៀងរហូត។

ក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអភិបាលខេត្តផ្សេងៗ យកគំរូតាមលោក ម៉ៅ ធនិន ក្នុងការដោះស្រាយនោះ ព្រោះសម្ដេចមើលឃើញថា បញ្ហាទាំងអស់នោះមិនធំដុំនោះទេ ហើយអ្នកដែលមានវិវាទភាគច្រើនជាក្រុមគ្រួសារ ឬសាច់ញាតិគ្នា។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមលើកទឹកចិត្ត ឥលូវខេត្តកំពតប្រជាពលរដ្ឋបានស្ងប់ចិត្តច្រើនហើយ ត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងមិចឲ្យខេត្តកំពត ទៅជាសុវត្ថិភាពបំផុត ជាខេត្តគ្មានជម្លោះដីធ្លី ជាខេត្តដែលចៅហ្វាយខេត្តឈរដោះស្រាយជម្លោះដីធ្លី ក្រៅប្រព័ន្ធតុលាការ កូន (អភិបាលខេត្តកំពត) ត្រូវបន្ដធ្វើទៅ។ បើសិនជាអភិបាលខេត្តគ្រប់ខេត្ត ធ្វើត្រឹម ម៉ៅ ធនិន ធ្វើនៅខេត្តពោធិ៍សាត់ ហើយបន្ដមកធ្វើនៅកំពត ខ្ញុំគិតថា ជម្លោះដីធ្លីនឹងស្ងប់ឯង ព្រោះមិនមានអីច្រើនទេ»។

ពាក់ព័ន្ធករណីវិវាទដីធ្លីនេះ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ជម្លោះភាគច្រើនកើតចេញពីក្នុងក្រុមគ្រួសារឯងប៉ុណ្ណោះ ដោយក្នុងនោះខ្លះជម្លោះរវាងម្ដាយ ឪពុកជាមួយកូន ហើយខ្លះទៀត ជម្លោះរវាងបងប្អូនបង្កើត។ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា ករណីវិវាទឈានដល់តុលាការហើយនោះ មិនអាចកាត់ឲ្យស្មើគ្នាបានទេ ច្បាស់ជាមានអ្នកម្នាក់ឈ្នះ ម្នាក់ចាញ់៕