(ភ្នំពេញ)៖ ឧកញ៉ា គង់ សាង ប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) និងជាសមាជិកស្ថាបនិកនៃសមាគមឧកញ៉ាកម្ពុជា ​នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បាននាំយកថវិកាចំនួន ២៤០ ០០០ដុល្លារ ប្រគល់ជូនអាជ្ញាធរមីន សម្រាប់ជួយដល់គម្រោង សម្តេចតេជោសម្រាប់សកម្មភាពមីន ដែលគ្រប់គ្រងដោយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន(CMAA)។

ពិធីប្រគល់នេះដែរ មានការទទួលដោយផ្ទាល់ពីលោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ នៃអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន និងមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឧកញ៉ា គង់ សាង បានបញ្ជាក់ថា ថវិកាចំនួន ២៤០ ០០០ដុល្លារ សម្រាប់ជួយដល់គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដែលគ្រប់គ្រងដោយអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន (CMAA) បានមកពីការបរិច្ចាគប្រកបដោយទឹកចិត្តសប្បុរសធម៌ពីសំណាក់សមាជិក TAFTAC ក្រុមហ៊ុនឯកជនផ្សេងៗ រួមទាំងអ្នកឧកញ៉ា ឧកញ៉ា និងសប្បុរសជនមួយចំនួនផងដែរ ក្នុងពិធីប្តូរឈ្មោះរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា កាលពីពេលកន្លងទៅថ្មីៗនេះ។

ឧកញ៉ា គង់ សាង បានបញ្ជាក់ទៀតថា ទឹកប្រាក់វិភាគទាននេះ នឹងបានជាចំណែកបន្ថែមទៀត ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលលើការបោសសម្អាតគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះនៅកម្ពុជា ជាពិសេសការសម្រេចឲ្យបាននូវទស្សនវិស័យឆ្នាំ២០២៥ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី គឺ «កម្ពុជាគ្មានគ្រាប់មីន ក្រោមមូលបទ ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម»

លោកឧកញ៉ា ក៏បានគោរពជូនពរឲ្យ CMAA សម្រេចបាននូវកិច្ចការដ៏ថ្លាថ្លៃនេះ តាមទស្សនវិស័យដែលបានដាក់ចេញ ហើយសមាគមវាយនភណ្ឌនៅកម្ពុជា និងបន្តគាំទ្រទាំងថវិកា និងស្មារតីជាបន្តទៀតទៅតាមលទ្ធភាព។

ឧកញ៉ា គង់ សាង បានអះអាងដែរថា «យើងមានមោទនភាពដែលស្ថាប័នទាំង២ បានចុះអនុស្សរណ:នៃការយោគយល់គ្នាស្តីពី ការបង្កើតកិច្ចសហការ និងការគាំទ្រដល់ប្រជាពលរដ្ឋពិការ និងងាយរងគ្រោះ។ ក្រោមក្របខណ្ឌនេះនឹងផ្តល់ការគាំទ្រ លើការបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយ CGTI ទាក់ទងនឹងវិស័យរបស់យើង ដល់ប្រជាពលរដ្ឋពិការ និងងាយរងគ្រោះ រួចហើយបញ្ជូនពួកគេ ទៅបម្រើការងារនៅតាមបណ្តារោងចក្រផ្សេងៗ ដែលជាសមាជិករបស់ TAFTAC ស្របទៅតាមលក្ខខណ្ឌតម្រូវរបស់រោងចក្រនីមួយៗ។ នេះគឺជាភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដ៏មានសារៈសំខាន់ ក្នុងការចូលរួមសម្រាលបន្ទុកសង្គមផង និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចផង»