(ភ្នំពេញ)៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានផ្ញើសារជូន លោកជំទាវ កែវ សញ្ញាម៉ូ ដោយចូលរួមរំលែកទុក្ខចំពោះមរណភាពឯកឧត្តម ហុង ស៊ុនហួត ជាអតីតរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អគ្គលេខាធិការកាកបាទក្រហមកម្ពុជា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ អនុប្រធានទី២ នៃរដ្ឋសភា ដែលត្រូវជាស្វាមី។

តាមរយៈសារលិខិតនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវ «មានសេចក្តីក្រៀមក្រំ និងសោកស្ដាយក្រោយពីបានទទួលដំណឹងមរណភាពរបស់ឯកឧត្តម ហុង ស៊ុនហួត ដែលត្រូវជាស្វាមីរបស់លោកជំទាវ បានទទួលមរណភាពកាលពីថ្ងៃសុក្រ ១៥កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០:៣០នាទី ក្នុងជន្មាយុ៧៦ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមចូលរួមសោកស្តាយជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារចំពោះការបាត់បង់ស្វាមី ឪពុក ជីតាជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ និងសង្គហធម៌ចំពោះភរិយា កូនៗ ចៅៗ ព្រមទាំងញាតិមិត្តជិតឆ្ងាយទាំងអស់។

សម្ដេចពិជ័យសេនា ទៀ បាញ់ បានចាត់ទុកមរណភាពរបស់ឯកឧត្តម ហុង ស៊ុនហួត ជាការបាត់បង់នូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងបញ្ញាស្មារតីបម្រើប្រទេសជាតិគ្រប់កាលៈទេសៈ ក្នុងគោលដៅបម្រើដល់ឧត្តមប្រយោជន៍ជាតិ មាតុភូមិ នាពេលកន្លងមក។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពឯកឧត្តម ហុង ស៊ុនហួត សូមឆាប់បានចាប់កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ។ សូម លោកជំទាវ ទទួលនូវការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំ»៕