(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ទី១១ ខែមករា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអនុញ្ញាតឱ្យក្រុមការងារត្រួតពិនិត្យនៃក្រុមប្រទេសប៉ាស៊ីហ្វិក អំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ (ICRG-JG) របស់ក្រុមការងារហិរញ្ញវត្ថុ FATF ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារមួយចំនួនពាក់ព័ន្ធការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។ ជំនួបនេះបានធ្វើឡើងនៅវិមានសន្តិភាព។

សូមបញ្ជាក់ថា FATF (Financial Action Task Force ឬហៅកាត់ថា) ត្រូវបានបង្កើតឡើងក្នុងខែកក្កដា ឆ្នាំ១៩៨៩ នៅឯកិច្ចប្រជុំកំពូល នៃក្រុមប្រទេសសេដ្ឋកិច្ចលូតលាស់ G7 រៀបចំឡើងក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ដំបូងឡើយ អង្គការនេះផ្ដោតសំខាន់លើការត្រួតពិនិត្យ និងដាក់ចេញវិធានការនានា ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយ។

នៅខែតុលា ឆ្នាំ២០០១ FATF បានពង្រីកដែនសមត្ថកិច្ចរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវករ បន្ថែមពីលើយុទ្ធនាការប្រឆាំងការលាងលុយ។ នៅខែមេសា ឆ្នាំ២០១២ FATF បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនប្រឆាំងនឹងការផ្តល់ហិរញ្ញវត្ថុ ដែលចូលរួមចំណែកដល់ការរីកសាយអាវុធប្រល័យលោក។

ចាប់តាំងពីត្រូវបានបង្កើតឡើងមក FATF បានធ្វើប្រតិបត្តិការនៅក្រោមអាណត្តិ ជាក់លាក់មួយ ដែលទាមទារការសម្រេចចិត្តជាពិសេសដោយរដ្ឋមន្ត្រី ដើម្បីបន្តការងាររបស់ខ្លួន។ ៣ទសវត្សរ៍បន្ទាប់ពីការបង្កើត ពោលគឺនៅក្នុងខែមេសា ឆ្នាំ២០១៩ ក្រុមរដ្ឋមន្ត្រី FATF បានអនុម័តអាណត្តិបើកចំហថ្មី ឬមិនកំណត់រយៈពេលសម្រាប់ FATF។

គោលបំណងរបស់ FATF គឺកំណត់ស្តង់ដារ និងលើកកម្ពស់ ការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃវិធានការច្បាប់ បទប្បញ្ញត្តិ និងគាំទ្រប្រតិបត្តិការប្រយុទ្ធប្រឆាំងការលាងលុយ ការផ្តល់ហិរញ្ញវត្ថុដល់ពួកភេរវករ រួមទាំងទប់ស្កាប់ការគំរាមកំហែងទាំងឡាយលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។

FATF តាមដានវឌ្ឍនភាពរបស់ប្រទេសនានា ក្នុងការអនុវត្តអនុសាសន៍ FATF ពិនិត្យមើលវិធានការប្រយុទ្ធប្រឆាំងការលាងលុយ ការផ្ដល់ហិរញ្ញវត្ថុដល់ភេរវករ និងវិធានការទប់ស្កាត់ ក៏ដូចជាលើកកម្ពស់ការអនុម័ត និងការអនុវត្តអនុសាសន៍ FATF ជាសកល។

បច្ចុប្បន្ន FATF មានសមាជិកពេញសិទ្ធិ ៣៧ប្រទេស និងអង្គការក្នុងតំបន់ចំនួន២ ដែលតំណាងឱ្យមជ្ឈមណ្ឌលហិរញ្ញវត្ថុធំៗ មកពីជុំវិញពិភពលោក៕