(ស្ទឹងត្រែង)៖ បេសកកម្មរយៈពេល២ថ្ងៃទី៩-១០ ខែមករា ឆ្នាំ២០២៣ នៅលើទឹកដីនៃខេត្តស្ទឹងត្រែង ក្រុមការងារកាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត អ៊ុយ សំអាត នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី មានការចូលរួមពីថ្នាក់ដឹកនាំសាខា អនុសាខា ក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បាននាំយកអំណោយមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតសរុប ចំនួន ២១៨គ្រួសារ នៅក្នុងឃុំកាំងចាម ចំនួន១៣៧គ្រួសារ ឃុំអូររៃ ចំនួន៥១គ្រួសារ និងឃុំថាឡាបរិវ៉ាត់ ៣០គ្រួសារ។

នៅថ្ងៃទី១នៃបេសកកម្ម កាកបាទក្រហមកម្ពុជា បានធ្វើការបែងចែកចំនួន២ទីតាំង គឺភូមិកាំងក្ងោក ៧០គ្រួសារ និងភូមិកំពង់ប៉ាង ៦៧គ្រួសារ។ សម្រាប់ថ្ងៃទី២នៃបេសកកម្ម ចំនួន២ទីតាំង គឺឃុំអូររៃ ចំនួន ៥១គ្រួសារ និង ឃុំថាឡាបរិវ៉ាត់ចំនួន ៣០គ្រួសារ។

លោកបានមានប្រសាសន៍ថា ដោយមើលឃើញពីផលលំបាករបស់ប្រជាពលរដ្ឋ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានឱ្យក្រុមការងារថ្នាក់កណ្តាលសហការជាមួយសាខា អនុសាខា អ្នកស្ម័គ្រចិត្ត និងយុវជនកាកបាទក្រហមកម្ពុជា នាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយទឹកជំនន់នាពេលថ្មីៗនេះ។

លោកបាននាំនូវព្រះរាជបណ្តាំពី ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើសួរសុខទុក្ខ ដោយក្តីអាណិតស្រឡាញ់ ការគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះបំផុត ដោយក្តីនឹករលឹកយ៉ាងជ្រាលជ្រៅជាទីបំផុត។

ទន្ទឹមនឹងនេះលោកបាននាំនូវសារអំពាវនាវពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អ ជាពិសេសទៅលើការប្រែប្រួលអាកាសធាតុ ដែលកំពុងចុះត្រជាក់អាចបណ្តាលឱ្យកើតមានជំងឺផ្តាសាយ និងសូមបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ ដោយអញ្ជើញទៅចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា។ មួយវិញទៀតត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះមហន្តរាយផ្សេងៗមានដូចជា ខ្យល់កន្ត្រាក់ គ្រោះរាំងស្ងួត អគ្គីភ័យជាដើម ព្រោះរដូវនេះមានខ្យល់ខ្លាំងហើយស្ងួត អាចបណ្តាលឱ្យមានការឆាបឆេះលឿនពិបាកក្នុងការគ្រប់គ្រង។

ប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិខាងលើ បង្ហាញនូវភាពកក់ក្ដៅ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះមាតាមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរ និងផ្តល់អំណោយមនុស្សធម៌នាពេលនេះ ដែលកំពុងតែមានខ្វះខាតក្នុងជីវភាព។ ដោយអំណោយក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, មី១កេស, ត្រីខ១០កំប៉ុង, ទឹកត្រី១យួរ, សាប៊ូ១ដប និងឃីត (សរុង មុង ភួយ ក្រមា) ១កញ្ចប់។ ដោយឡែកជនចាស់ជរាឥតទីពឹង ជនមានពិការភាព និងស្រ្តីទើបសម្រាលកូនរួច ដែលមានជីវភាពខ្វះខាត ក៏ទទួលបានថវិកាមួយចំនួនបន្ថែមទៀត។

បន្ទាប់ពីប្រគល់នៅតាមទីតាំងនីមួយៗរួចមក ក្រុមការងារបានបន្តចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ បន្ដចែកជូនដល់៥គ្រួសារទៀតនៅតាមខ្នងផ្ទះ ដែលមិនអាធ្វើដំណើរបាន ក្នុងនោះលោកក៏បាននាំយកអំណោយ ទៅចែកជូនលោកយាយលោកតាមួយគ្រួសារ ដែលពិការរភាព និងលោកយាយមានផ្ទុកមេរោគអេដស៍ផងដែរ។

ជាមួយគ្នានោះ ក្រុមការងារកាកបាទក្រហមកម្ពុជា ក៏បាននាំយកនូវទេយ្យវត្ថុ ប្រគេនព្រះសង្ឃគង់នៅវត្តសីហារាម (ហៅវត្តកាំងចាម) និងវត្ដអូររៃ នូវអង្ករ ចំនួន១០០គីឡូក្រាម មី៥កេស ត្រីខ៥យួរ ទឹកត្រី៥យួរ ទឹកស៊ីអ៊ីវ៥យួរ ទឹកបរិសុទ្ធ៥កេស និងបច្ច័យមួយចំនួន។ បច្ច័យនេះក៏មានការចូលរួមពីសប្បុរសជនក្នុងខេត្តស្ទឹងត្រែងផងដែរ៕