(ក្រចេះ)៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល​ នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំបូរ​ និងអាជ្ញាធរមូលដ្ឋាន​ ក្រោមការសម្របសម្រួលនីតិវិធីពីលោក​ រ៉ា​ បូរ៉ាន់ឌី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ​ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានចុះបង្ក្រាបទីតាំងទទួលបញ្ចាំម៉ូតូ-រថយន្ដ​ ដោយគ្មានលិខិតអនុញ្ញាត​ ចំនួន០៦ទីតាំង នៅស្រុកសំបូរ ខេត្តក្រចេះ។

យោងតាមរបាយការណ៍របស់នគរបាលស្រុកសំបូរ ដែលភ្នាក់ងារ Fresh News ទទួលបាន នៅរសៀលថ្ងៃទី១០ ខែមករានេះ បានឲ្យដឹងថា កម្លាំងនគរបាលបានចុះបង្ក្រាបទីបញ្ចាំគ្មានច្បាប់អនុញ្ញាត៦កន្លែងរួមមាន៖

*ទីតាំងទី១ ឈ្មោះ​ ជួប​ សុកុណា​ ភេទប្រុស អាយុ៤៩ឆ្នាំ​ ទីលំនៅភូមិកែងប្រាសាទ​ ឃុំសំបូរ​ ដោយដកហូតម៉ូតូចំនួន៤០គ្រឿង​ (ក្នុងនោះមានម៉ូតូសណ្តោងរឺម៉ក០១គ្រឿង) និងរថយន្ដចំនួន០១គ្រឿង។

*ទីតាំងទី២​ ឈ្មោះ​ ឡាង ធា​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ ទីលំនៅភូមិសណ្ដាន់​ ឃុំសណ្ដាន់​ ដោយដកហូតម៉ូតូចំនួន០៥គ្រឿង។

*ទីតាំងទី៣ ឈ្មោះ​ ឆីវ​ ម៉េង​ ភេទប្រុស​ អាយុ៥៥ឆ្នាំ​ ទីលំនៅភូមិសណ្ដាន់​ ឃុំសណ្ដាន់​ (ម៉ូតូគ្មាន)។

*ទីតាំងទី៤ ឈ្មោះ​ ប៉េង​ សុខឌី​ ភេទប្រុស​ អាយុ៤៦ឆ្នាំ​ ទីលំនៅភូមិសណ្ដាន់​ ឃុំសណ្ដាន់​ ដោយដកហូតម៉ូតូចំនួន១០គ្រឿង។

*ទីតាំងទី៥​ ឈ្មោះ​ កេត​ សុធា​ ភេទប្រុស​ អាយុ៥៣ឆ្នាំ​ ទីលំនៅភូមិសំបូរ​ ឃុំសំបូរ​ ដោយដកហូតម៉ូតូចំនួន០៣គ្រឿង។

*ទីតាំងទី៦​ ឈ្មោះ​ ហេង​ ម៉េងសុង​ ភេទប្រុស​ ទីលំនៅភូមិសំបូរ​ ឃុំសំបូរ​ ដោយដកហូតម៉ូតូចំនួន០២គ្រឿង​។

​តាមរបាយការណ៍បញ្ជាក់ទៀតថា ម្ចាស់ទីតាំងខាងលើ ត្រូវបានសមត្ថកិច្ចហៅមកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកសំបូរ ចំណែកវត្ថុតាងខាងលើដកហូតយកមករក្សាទុកបណ្ដោះអាសន្ននៅសាលាស្រុកសំបូរ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕