(ភ្នំពេញ)៖ បញ្ហាលំបាកជាច្រើនដូចជាផ្លូវ លូ សំរាម និងគ្រឿងញៀន ត្រូវបានប្រជាពលរដ្ឋ ចំនួន១៩នាក់ រស់នៅ៤សង្កាត់ផ្សេងគ្នារួមមាន សង្កាត់ច្បារអំពៅទី១, ច្បារអំពៅទី២ , និរោធ និងសង្កាត់វាលស្បូវ បានសំណូមពរដោយផ្ទាល់មាត់ និងចំនួន៦៣នាក់ទៀតសរសេរជា លិខិតបាននាំគ្នាលើកជាសំណូមពរ ឲ្យអាជ្ញាធរខណ្ឌដោះស្រាយ ហើយជាការឆ្លើយតបមកវិញ អាជ្ញាធរបានសន្យាថា នឹងទទួលយក សំណូមពរទាំងអស់មកធ្វើការ ដោះស្រាយជូនប្រជាពលរដ្ឋ។ បញ្ហានិងសំណូមពររបស់ប្រជាពលរដ្ឋនេះ បានលើកឡើងនៅក្នុងពិធី ផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ក្រោមវត្តមានលោក អ៊ុ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ, លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ និងមានការចូលរួមពីលោកចៅសង្កាត់ មន្ត្រីសាលាខណ្ឌ រួមជាមួយប្រជាពលរដ្ឋ មកពីសង្កាត់ទាំង៤ជិត៥០០នាក់។

ក្នុងពិធីនេះប្រជាពលរដ្ឋបានលើកឡើងថា មិនមែនតែក្មេងទំនើងប៉ុណ្ណោះទេ បើនិយាយពីគ្រឿងញៀនវិញ ចែកចាយដូចលក់ចាប់ហួយអីចឹង បើនិយាយពីអ្នកជក់វិញ ពេលខ្លះជក់ឲ្យគេឃើញតែម្ដង ហាក់ដូចជាសង្គមមួយនេះ គ្មានអ្នកគ្រប់គ្រង និងមិនមានសមត្ថកិច្ចអីចឹង។

ពលរដ្ឋខ្លះលើកឡើងទៀតថា បញ្ហាបរិស្ថាន នៅតែឃើញសំរាមពាសវាលពាសកាល និងសំរាមគឺស្អុយរលួយ ខ្លះស្អុយនៅមាត់ទឹក កន្លែងខ្លះកម្រឃើញឡានសំរាមមកយកសំរាម ដែលបង្កជាបញ្ហាជះក្លិនមិនល្អ ហើយកន្លែងខ្លះ មិនមានទឹកស្អាតប្រើប្រាស់នោះទេ ក្នុងនោះ មានឡចម្រាញ់មាស ឡបាយក្តាំង ដែលធ្វើឲ្យពួកគាត់ដេកភ័យព្រួយរាល់យប់ថ្ងៃ ។ រីឯបញ្ហាល្បែងស៊ីសងល្បែងហ្គេមនៅតែជាកង្វល់ របស់ពលរដ្ឋដដែល ព្រោះល្បែងស៊ីសងមានដូចជា បៀ អាប៉ោង កន្ទុយលេខ ឆ្នោតវៀតណាម ជាឬសគល់នៃអំពើចោរកម្ម អំពើប្លន់នានា ឬហ្គេមវិញ ពង្វក់អស់ហើយ ក្មេងសិស្សសាលាមិនចូលរៀនសូត្រទេ គិតតែនាំគ្នាចូលលេងហ្គេម ដោយពលរដ្ឋមានការបារម្ភណ៍។ ដោយឡែក មួយរឿងទៀត គឺឲ្យតែទៅរកសេវាសាធារណៈ ដឹងថា មានបញ្ហាខ្លះៗកើតឡើងជាញឹកញាប់ និងបញ្ហានានាជាច្រើន ផ្សេងទៀត។

ទន្ទឹមនឹងការលើកឡើងរបស់ពលរដ្ឋ អភិបាលខណ្ឌច្បារអំពៅ លោក អ៊ាង ស៊ីផាន បានលើកឡើងថា «ទុក្ខកង្វល់របស់ពលរដ្ឋក៏ដូចជា ទុក្ខកង្វល់របស់អាជ្ញាធរដែរ ហើយលោកនឹងយកសំណើទាំងអស់នេះ ទៅពិគ្រោះ រិះរកមធ្យោបាយ ដាក់បទបញ្ជា ធ្វើយ៉ាងណាដោះស្រាយ ជូនពលរដ្ឋឲ្យបានស្អាត និងបង្ការមិនឲ្យបញ្ហាកើតមានឡើងតទៀតនោះឡើយ»។

អភិបាលខណ្ឌបន្តថា ចំពោះការទៅរកសេវាសាធារណៈ លោកសំណូមពរដល់ពលរដ្ឋឲ្យទៅដល់អាជ្ញាធរផ្ទាល់ ពោលគឺទៅឲ្យដល់ ចៅសង្កាត់ ដើម្បីជៀសវាងមានពាក្យថា ឲ្យតែធ្វើលិខិតអ្វីមួយ ដឹងថាអស់លុយច្រើន ដែលកត្តានេះមកពីពលរដ្ឋពឹងពាក់អ្នករត់ការ ទើបបានជាគេយកកម្រៃសោហ៊ុយយ៉ាងដូច្នេះ។

យ៉ាងណានោះ លោកអភិបាលខណ្ឌសំណូមពរដល់ពលរដ្ឋទាំងអស់ មេត្តាជួយផ្ដល់ព័ត៌មានជាបន្ទាន់ ដល់អាជ្ញាធរបើសិនជាមានបញ្ហា កង្វល់អ្វីទៀតនោះ និងចូលរួមអភិវឌ្ឍន៍ និងថែទាំបរិស្ថានយើងទាំងអស់គ្នា ព្រោះបរិស្ថានស្អាត ផ្ដើមចេញពីពលរដ្ឋអ្នកចូលរួមទើបស្អាត ទាំងអស់គ្នា ៕