(ភ្នំពេញ)៖ គណនីហ្វេសប៊ុក «សហភាពផ្ទះសាមគ្គី» របស់លោក វន់ ពៅ បាន លុបវីដេអូចម្រៀង «ឈាមបាតុករ» ចេញវិញហើយ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្លាំងនគរបាលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ហៅចូលបំភ្លឺ។

វីដេអូចម្រៀង «ឈាមបាតុករ» ដែលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុកជាចម្រៀងបែបញុះញង់ឱ្យមានអសន្តិសុខនៅក្នុងសង្គមនោះ ត្រូវបានអង្គការសង្គមស៊ីវិលប្រឆាំងរាជរដ្ឋាភិបាល និងក្រុមអ្នកប្រឆាំងរួមគ្នាធ្វើសកម្មភាពបង្ហោះឡើងវិញយ៉ាងផុលផុស ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ការផ្សព្វផ្សាយ បទចម្រៀង ដែលមានចំណងជើងថា «ឈាមបាតុករ»។

លោកស្រី ភឿង សកុណា បានគូសបញ្ជាក់ថា បទចម្រៀង «ឈាមបាតុករ» មានខ្លឹមសារអុជអាល ញុះញង់ អាចនឹងបង្កអសន្តិសុខ សណ្តាប់ធ្នាប់ដល់សង្គម។

ក្រោយទទួលបានសំណើនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះអញ្ជើញ តំណាងសង្គមស៊ីវិលចំនួន ៤រូប ដើម្បីសួរនាំអំពីការបង្ហោះបទចម្រៀង «ឈាមបាតុករ»នេះ។

តំណាងអង្គការសង្គមស៊ីវិល និងសមាគមចំនួន ០៤នាក់ នោះរួមមាន លោក មឿន តុលា ប្រធានអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស, លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ, លោក ថេង សាវឿន ប្រធានអង្គការសម្ព័ន្ធសហគមន៍កសិករកម្ពុជា, លោក វន់ ពៅ ប្រធានសហភាពផ្ទះសាមគ្គីជាដើម។

ក្រោយពីបានចូលបំភ្លឺ និងសួរនាំរួច អង្គការលីកាដូ អង្គការសង់ត្រាល់ និងសហភាពផ្ទះសាមគ្គី បានយល់ព្រមលុបវីដេអូចម្រៀងនេះ ចេញពីបណ្តាញសង្គមហ្វេសប៊ុកអស់ហើយ។

បើតាមលោកស្រី ភឿង សកុណា បទចម្រៀង «ឈាមបាតុករ» និពន្ធទំនុកច្រៀង និងច្រៀងដោយឈ្មោះ គា សុគន្ធ។ បទចម្រៀងនេះ ត្រូវបានក្រសួងមហាផ្ទៃ ចាត់វិធានការបិទ និងផ្តន្ទាទោសអ្នកនិពន្ធ និងអ្នកច្រៀងម្តងរួចហើយមកហើយ៕